លោក Erdogan ថា លោក ត្រាំ បានស្នើឱ្យតួកគីជួយបញ្ចុះបញ្ចូលក្រុមហាម៉ាស ឱ្យគាំទ្រផែនការសន្តិភាពនៅហ្កាហ្សា (Video inside)

08-10-2025 20:07

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យប្រទេសរបស់លោកជួយបញ្ចុះបញ្ចូលក្រុមហាម៉ាស ឱ្យគាំទ្រផែនការរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Erdogan បានបញ្ជាក់ថា លោក ត្រាំ បានស្នើសុំដោយផ្ទាល់ឱ្យតួកគីនិយាយជាមួយក្រុមហាម៉ាស ហើយបញ្ចុះបញ្ចូលពួកគេ។ លោកបានបន្ថែមថា «យើងកំពុងពន្យល់ពួកគេ (ហាម៉ាស) អំពីអ្វីដែលត្រូវធ្វើ ដើម្បីឱ្យប៉ាឡេស្ទីនអាចឆ្ពោះទៅមុខ»។

មន្ត្រីតួកគី រួមទាំងប្រមុខស៊ើបការណ៍សម្ងាត់ លោក Ibrahim Kalin កំពុងចូលរួមក្នុងការចរចាដែលធ្វើឡើងនៅប្រទេសអេហ្ស៉ីប។ ថ្វីបើខ្លួនគាំទ្រផែនការនេះក្តី តួកគីគឺជាអ្នករិះគន់ខ្លាំងបំផុតមួយចំពោះប្រតិបត្តិការរបស់អ៉ីស្រាអែលនៅហ្កាហ្សា។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ក្រុមហាម៉ាសបានឱ្យដឹងថា ខ្លួនបានផ្លាស់ប្តូរបញ្ជីឈ្មោះចំណាប់ខ្មាំងអ៉ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលនឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងដោះដូរមួយ ហើយបានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចចរចានៅក្នុងប្រទេសអេហ្ស៉ីប៕