លោក Rubio ត្រូវគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំនៅប៉ារីស ស្ដីពីអនាគតតំបន់ហ្កាហ្សា (Video inside)

08-10-2025 20:50

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុងប៉ារីស ជាមួយបណ្តាប្រទេសអឺរ៉ុប និងអារ៉ាប់ ដើម្បីពិភាក្សាអំពីដំណាក់កាលអន្តរកាលក្រោយសង្គ្រាមនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីរបៀបអនុវត្តផែនការរបស់លោក ដូណាល់ ត្រាំ និងវាយតម្លៃលើការប្តេជ្ញាចិត្តរួមរបស់ប្រទេសនានា។ កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលកិច្ចចរចាដោយប្រយោលរវាងអ៉ីស្រាអែល និងហាម៉ាស កំពុងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៉ីប។ ប្រទេសដែលនឹងចូលរួមរួមមាន បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហ្ស៊កដានី កាតា និងអារ៉ាប៊ីសាអូឌីត។

ប្រភពការទូតអឺរ៉ុបមួយបានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ដែលសហរដ្ឋអាមេរិកមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ខណៈប្រភពការទូតអ៉ីតាលីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រផែនការរបស់លោក ត្រាំ ដែលជា «ផែនការតែមួយគត់ដែលអាចទៅរួច»។

គួរបញ្ជាក់ថា ប្រភពការទូតបារាំងមួយបានឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំនឹងរួមបញ្ចូលទាំងជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា, ការកសាងឡើងវិញ, ការដកអាវុធពីក្រុមហាម៉ាស និងការគាំទ្រដល់អាជ្ញាធរប៉ាឡេស្ទីន៕