អាមេរិកដាក់ក្រុមហ៊ុនចិនចំនួន១៥ ក្នុងបញ្ជីខ្មៅ ក្រោមបទចោទប្រកាន់ថាបានផ្គត់ផ្គង់គ្រឿងបន្លាស់ដ្រូនឱ្យក្រុមហាម៉ាស និងហ៊ូទីយេម៉ែន (Video inside)
08-10-2025 22:13
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ បានប្រកាសដាក់ក្រុមហ៊ុនចិនចំនួន ១៥ ទៅក្នុងបញ្ជីរឹតត្បិតពាណិជ្ជកម្មរបស់ខ្លួន ដោយចោទប្រកាន់ថាក្រុមហ៊ុនទាំងនោះបានជួយសម្រួលដល់ការទិញគ្រឿងបន្លាស់អេឡិចត្រូនិករបស់អាមេរិក ដែលត្រូវបានគេរកឃើញនៅក្នុងដ្រូនប្រើប្រាស់ដោយក្រុមដែលគាំទ្រដោយអ៉ីរ៉ង់ រួមមានក្រុមហាម៉ាស និងក្រុមហ៊ូទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ១០ បានជួយសម្រួលការទិញគ្រឿងបន្លាស់សម្រាប់យន្តហោះដ្រូន ដែលប្រើដោយក្រុមដូចជាក្រុមហ៊ូទីនៅយេម៉ែន។ ចំណែកក្រុមហ៊ុនចិន ៥ផ្សេងទៀត ត្រូវបានដាក់ទណ្ឌកម្ម ដោយផ្អែកលើព័ត៌មានដែលថាយោធាអ៉ីស្រាអែលបានរកឃើញដ្រូនដែលប្រតិបត្តិការដោយក្រុមហាម៉ាស នៅអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនចិនទាំង១៥នេះ ក្រសួងពាណិជ្ជកម្មអាមេរិកក៏បានដាក់បញ្ចូលក្រុមហ៊ុនសរុបចំនួន ២៩ ផ្សេងទៀតនៅក្នុងបញ្ជីរឹតបន្តឹងរបស់ខ្លួន ដោយក្នុងនោះក៏មានក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសតួកគី និងសហព័ន្ធអារ៉ាប់រួមផងដែរ៕