លោក ត្រាំ ប្រកាសថាអ៉ីស្រាអែល និងហាម៉ាស ឈានដល់ការឯកភាពគ្នាលើដំណាក់កាលទី១ នៃផែនការសន្តិភាពហ្កាហ្សា (Video inside)

09-10-2025 08:58

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១នៃផែនការសន្តិភាពរបស់លោកដែល នឹងបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃពុធ ទី៨ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសចង់ ប្រកាសថាអ៉ីស្រាអែល និងហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់យើង»។ លោកបន្តថា «នេះមានន័យថាចំណាប់ខ្មាំងទាំងអស់នឹងត្រូវបាន ដោះលែងក្នុងពេលឆាប់ៗ ហើយអ៉ីស្រាអែលនឹងដកកងទ័ពតាមអ្វីដែលបានឯកភាពគ្នាជាជំហានទី១ឆ្ពោះទៅរកសន្តិភាពរឹងមាំ និរន្តរភាព និងយូរអង្វែងមិនធ្លាប់មាន»។

ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងថានឹងកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ដើម្បីអនុមត្តលើ កិច្ចព្រមព្រៀងស្ដីពីការដោះលែងចំណាប់ខ្មាំង។ ចំណែក ក្រុមហាម៉ាសវិញត្រូវបានរាយការណ៍ថានឹងដោះលែងចំណាប់ខ្មាំងនៅមានជីវិត ២០នាក់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន ២០០០នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល បច្ចុប្បន្នមានចំណាប់ខ្មាំង៤៨នាក់កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយក្នុងចំណោមពួកគេមាន ២០នាក់ត្រូវបានជឿថានៅរស់រានមានជីវិត។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ក៏បានប្រកាសដែរថាអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៉ីប នៅចុងសប្ដាហ៍នេះ ជាទីដែលបេសកជនពិសេសរបស់លោក កំពុងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕