លោក ត្រាំ ប្រាប់ Fox News ថាចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សាអាចនឹងត្រូវបានដោះលែងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ (Video inside)

09-10-2025 09:18

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៨ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថា​រូបលោកផ្ទាល់ជឿថាចំណាប់ខ្មាំងទាំងអស់ដែលកំពុងជាប់ឃុំក្នុងតំបន់ ហ្កាហ្សា ក្នុងនោះរួមមានទាំងសាកសពចំណាប់ខ្មាំង អាចនឹងត្រូវបានដោះលែងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Hannity របស់ទូរទស្សន៍ Fox News និងបន្ទាប់ពីរូបលោកផ្ទាល់បានប្រកាសថាអ៉ីស្រាអែល និងហាម៉ាស បានឯកភាពគ្នាលើដំណាក់កាលទី១នៃផែនការសន្តិភាពរបស់លោក។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «មានរឿងជាច្រើនកំពុងឡើងដើម្បីឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំង ហើយយើង គិតថាពួកគេទាំងអស់ (ចំណាប់ខ្មាំង) រួមទាំងសាកសពចំណាប់ខ្មាំងនឹងត្រូវបានដោះលែងនៅថ្ងៃចន្ទ (ដើមសប្ដាហ៍ក្រោយ)»

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវបានរំពឹងថានឹងកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ដើម្បីអនុមត្តលើ កិច្ចព្រមព្រៀងស្ដីពីការដោះលែងចំណាប់ខ្មាំង ខណៈក្រុមហាម៉ាសវិញត្រូវបានរាយការណ៍ថានឹងដោះលែងចំណាប់ខ្មាំងនៅមានជីវិត ២០នាក់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន ២០០០នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល បច្ចុប្បន្នមានចំណាប់ខ្មាំង៤៨នាក់កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយក្នុងចំណោមពួកគេមាន ២០នាក់ត្រូវបានជឿថានៅរស់រានមានជីវិត៕