រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា ដើម្បីពិភាក្សាជាមួយរបបសឹកស្ដីពីផែនការរៀបចំការបោះឆ្នោត (Video inside)

09-10-2025 10:27

(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំរបបសឹក ស្ដីពីដំណើរការរៀបចំការបោះឆ្នោតសកល និងជំរុញភាពរីកចម្រើននៅក្នុងដំណើរការស្វែងរកសន្តិភាពដែលកំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមការបញ្ជាក់ពីក្រសួងការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃទៅកាន់រដ្ឋធានីណៃពិដោរ ក្នុងសមត្ថភាពរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន ហើយលោក នឹងត្រូវជួបជាមួយមេដឹកនាំរបបសឹក លោក Min Aung Hlaing រួមទាំងមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាមួយចំនួន។ មេដឹកនាំយោធាមីយ៉ាន់ម៉ាត្រូវបានហាមមិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីឆ្នាំ២០២២ ដោយសារតែការបរាជ័យក្នុងការអនុវត្តតាមផែនការសន្តិភាព៥ចំណុចរបស់អាស៊ាន ដែលមេដឹកនាំរបបសឹកបានយល់ព្រមទទួលយក ក្រោយធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។

មីយ៉ាន់ម៉ាដែលសព្វថ្ងៃកំពុងផុងខ្លួននៅក្នុងសង្រ្គាមស៊ីវិលរវាងយោធា និងក្រុមឧទ្ទាមប្រដាប់អាវុធ គ្រោងនឹងមានការរៀបចំការបោះឆ្នោតសកលមួយនៅថ្ងៃទី៨ ខែធ្នូខាងមុខ។

គួរបញ្ជាក់ថា លោក Mohamad Hasan កាលពីខែកក្កដាកន្លងទៅ បាននិយាយថាអាស៊ានមិនបានចាត់ទុកការបោះឆ្នោតសកលជាអាទិភាពទេ ដោយអំពាវនាវឱ្យមីយ៉ាន់ម៉ាមានការប្ដេជ្ញាចិត្ត ចំពោះសន្តិភាពជាការល្អប្រសើរជាង៕