បេសកកម្មរក្សាសន្តិភាពរបស់ UN ចំនួន ៩ នៅជុំវិញពិភពលោក នឹងត្រូវកាត់បន្ថយ ដោយសារបញ្ហាថវិកា (Video inside)

09-10-2025 11:54

(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នឹងកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពប្រហែល ២៥ភាគរយនៃបេសកកម្មចំនួន ៩ នៅជុំវិញពិភពលោក ក្នុងប៉ុន្មានខែខាងមុខ ដោយសារតែកង្វះខាតថវិកា ហើយការផ្តល់មូលនិធិនាពេលអនាគតពីសហរដ្ឋអាមេរិក ស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ ២០២៥។

មន្ត្រីជាន់ខ្ពស់ UN ម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា «សរុបមក យើងនឹងត្រូវធ្វើមាតុភូមិនិវត្តន៍ ប្រហែល ២៥ភាគរយនៃកងរក្សាសន្តិភាព និងប៉ូលិសសរុបរបស់យើង ព្រមទាំងសម្ភាររបស់ពួកគេ ហើយបុគ្គលិកស៉ីវិលមួយចំនួនធំនៅក្នុងបេសកកម្ម ក៏នឹងរងផលប៉ះពាល់ដែរ»។ តាមមន្រ្តីរូបនេះ ចំនួនដែលត្រូវបន្ថយអាចមានខ្ទង់ពី ១៣ ០០០នាក់ ទៅ ១៤ ០០០នាក់។

ទីក្រុងវ៉ាស៉ីនតោន រួមចំណែកធំជាងគេក្នុងបេសកកម្មរក្សាសន្តិភាព គឺជាង ២៦ភាគរយនៃមូលនិធិប្រចាំឆ្នាំរបស់ UN បន្ទាប់មកគឺចិន មានចំនួន ២៤ភាគរយ ហើយជាវិភាគទានមិនមែនស្ម័គ្រចិត្ត។ មន្រ្តី UN ម្នាក់ទៀត បានឱ្យដឹងថា សហរដ្ឋអាមេរិកមិនបានបង់ថវិកា ១.៥ពាន់លានដុល្លាររួចហើយ មុនកញ្ចប់មូលនិធិឆ្នាំថ្មីដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា។ ឥឡូវនេះ ទីក្រុងវ៉ាស៉ីនតោន ជំពាក់បន្ថែមចំនួន ១.៣ពាន់លានដុល្លារទៀត។

បេសកកម្មរក្សាសន្តិភាពដែលរងផលប៉ះពាល់គឺ នៅស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លីបង់ កូសូវ៉ូ ស៉ីប សាធារណរដ្ឋអាហ្វ្រិកកណ្តាល តំបន់សាហារ៉ាខាងលិច តំបន់គ្មានយោធា Golan Heights រវាងអ៊ីស្រាអែល និងស៉ីរី និងតំបន់ Abyei ដែលជាតំបន់រដ្ឋបាលគ្រប់គ្រងរួមគ្នា ដោយស៊ូដង់ខាងត្បូង និងស៊ូដង់៕