ចិននិងម៉ាឡេស៉ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នា ក្នុងខែនេះ (Video inside)

09-10-2025 13:53

(ប៉េកាំង)៖ ក្រសួងការពារជាតិចិន កាលពីថ្ងៃពុធ ទី៨ ខែតុលា បានប្រកាសឱ្យដឹងថា ចិននិងម៉ាឡេស៉ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នា ក្នុងខែនេះ នៅប្រទេសម៉ាឡេស៉ី និងដែនទឹកក្បែរនោះ ហើយផ្តោតលើបេសកកម្ម ដូចជាការជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ និងប្រយុទ្ធប្រឆាំងសកម្មភាពចោរសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី២៣ ខែតុលា ហើយបុគ្គលិកយោធាសរុបជាង១០០០នាក់ មកពីភាគីទាំងពីរនឹងចូលរួម ក្នុងនោះជាង៧០០នាក់មកពីចិន ហើយបរិក្ខារយោធាដែលនឹងត្រូវប្រើប្រាស់ រួមមានដូចជានាវា ឧទ្ធម្ភាគចក្រ និងដ្រូន។ ក្រសួងការពារជាតិចិន បាននិយាយថា វានឹងជាសមយុទ្ធរួមលើកទី៦ ដែលនឹងផ្តោតលើការគាំទ្រផ្នែកមនុស្សធម៌ ជួយសង្រ្គោះគ្រោះមហន្តរាយ និងសន្តិសុខដែនសមុទ្រ ហើយក៏មានការអញ្ជើញអ្នកចូលរួមសង្កេតការណ៍ មកពីបណ្តាសមាជិកដទៃទៀតរបស់អាស៊ានផងដែរ។

គួរបញ្ជាក់ថា វាគឺជាសមយុទ្ធជាប្រចាំ ដែលស្ថិតក្នុងផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីកសាងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​ក្នុងវិស័យការពារជាតិ ជាមួយក្រុមប្រទេសអាស៊ាន បើទោះបីជាមានភាពតានតឹងនៅក្នុងតំបន់ ជុំវិញបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូងក្តី។ កាលពីឆ្នាំ២០២៣ ចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធយោធារួមប្រភេទនេះលើកទី៥ ហើយកម្ពុជា ឡាវ ម៉ាឡេស៉ី ថៃ និងវៀតណាម បានចូលរួម៕