អាល្លឺម៉ង់ នឹងអនុញ្ញាតឱ្យប៉ូលិស អាចបាញ់ទម្លាក់យន្តហោះដ្រូន ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ (Video inside)
09-10-2025 14:19
(បែរឡាំង)៖ អាល្លឺម៉ង់នឹងផ្តល់សិទ្ធិឱ្យប៉ូលិស បាញ់ទម្លាក់យន្តហោះដ្រូន ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ដូចជាដ្រូនដែលបានបង្កការរំខាន នៅតាមអាកាសយានដ្ឋានពាសពេញទ្វីបអឺរ៉ុប និងដែលក្រុមមេដឹកនាំប្រទេសអឺរ៉ុបមួយចំនួន បានចាត់ទុកជា ការធ្វើសង្រ្គាមកូនកាត់របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥។
ច្បាប់ថ្មីខាងលើ ដែលត្រូវបានឯកភាពដោយគណៈរដ្ឋមន្រ្តីអាល្លឺម៉ង់ កាលពីថ្ងៃពុធ ហើយកំពុងរង់ចាំការអនុម័តចុងក្រោយពីសភា ផ្តល់សិទ្ធិអំណាចឱ្យប៉ូលិស អាចបាញ់ទម្លាក់យន្តហោះដ្រូននានា ដែលបំពានចូលដែនអាកាសរបស់ប្រទេសអាល្លឺម៉ង់ ជាពិសេស នៅពេលវាយតម្លៃថា ពួកវាបង្កការគំរាមកំហែង ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ប៉ូលិសអាល្លឺម៉ង់ អាចប្រើកាំភ្លើងបាញ់ ឬវិធីសាស្រ្តផ្សេងទៀត ដូចជាកាំរស្មីឡាស៊ែរ និងឧបករណ៍កាត់ផ្តាច់រលកសញ្ញា ប្រឆាំងដ្រូនទាំងនោះ។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ឧប្បត្តិហេតុយន្តហោះដ្រូនជាបន្តបន្ទាប់ នាពេលថ្មីៗកន្លងទៅនេះ កំពុងគំរាមកំហែងចំពោះសន្តិសុខអាល្លឺម៉ង់ ហើយលោកមិនអាចបណ្តោយឱ្យរឿងនេះ ចេះតែកើតឡើងឡើយ ដូច្នេះហើយរដ្ឋាភិបាល សម្រេចពង្រឹងអំណាចរបស់ប៉ូលិស ដើម្បីឱ្យយន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណទាំងឡាយ អាចត្រូវចាប់សញ្ញាបាន និងប្រឆាំងទប់ទល់ឆាប់រហ័សជាងមុន នៅពេលអនាគត។
គួរបញ្ជាក់ថា ការកំណត់ច្បាប់ថ្មីនេះ គឺបន្ទាប់ពីជើងហោះហើរជាច្រើន ត្រូវបានបង្វែរទិសដៅឬលុបចោល កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯអាកាសយានដ្ឋាន Munich ដែលជាព្រលានយន្តហោះធំជាងគេទី២របស់អាល្លឺម៉ង់ ហើយនាំឱ្យមនុស្សច្រើនជាង ១០ ០០០នាក់ ត្រូវខកខានការធ្វើដំណើរ ក្រោយយន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណមួយចំនួន ត្រូវបានប្រទះឃើញនៅក្បែរនោះ។ លោក Merz ធ្លាប់បានសន្និដ្ឋានថា រុស្ស៉ីគឺជាអ្នកនៅពីក្រោយ វត្តមានដ្រូនទាំងនោះ ដែលបានហោះនៅលើដែនអាកាសអាល្លឺម៉ង់ កាលពីសប្តាហ៍មុន ប៉ុន្តែពួកវាមិនមានបំពាក់អាវុធទេ ពោលទំនងជាការហោះហើរឈ្លបយកការណ៍៕