នាយករដ្ឋមន្រ្តីអង់គ្លេស លោក Starmer ស្វាគមន៍ការព្រមព្រៀងគ្នាលើដំណាក់កាលទី១ នៃផែនការសន្តិភាពហ្កាហ្សា (Video inside)
09-10-2025 14:49
(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានសម្តែងការស្វាគមន៍ ចំពោះការព្រមព្រៀងគ្នាដំណាលកាលទី១ នៃផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងស្នើឱ្យមានការអនុវត្តយ៉ាងពេញលេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ ២០២៥។
លោក Starmer គូសបញ្ជាក់ថា «ការព្រមព្រៀងគ្នា ត្រូវតែអនុវត្តឱ្យបានពេញលេញឥឡូវនេះ ដោយមិនពន្យារពេល អមដោយការលុបចោលជាបន្ទាន់នូវការរឹតបន្តឹង លើជំនួយមនុស្សធម៌សង្គ្រោះជីវិតដល់តំបន់ហ្កាហ្សា»។ លោក Starmer បន្ថែមថា «យើងអំពាវនាវឱ្យភាគីទាំងអស់ បំពេញតាមការប្តេជ្ញាចិត្ត កសាងមូលដ្ឋានគ្រឹះបញ្ចប់ជម្លោះដោយយុត្តិធម៌ និងយូរអង្វែង។ ចក្រភពអង់គ្លេស នឹងគាំទ្រដល់ជំហានបន្ទាន់សំខាន់ៗ និងដំណាក់កាលនៃកិច្ចពិភាក្សាបន្ទាប់ ដើម្បីធានាការអនុវត្តពេញលេញនៃផែនការសន្តិភាពនេះ»។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស បាននិយាយថា ពួកគេយល់ព្រមព្រៀងលើបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង ក្នុងដំណាក់កាលដំបូងនៃផែនការរបស់លោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា ដែលសម្លាប់មនុស្សអស់ជាង ៦៧ ០០០នាក់៕