ចាប់ខ្លួនថៅកែក្រុមហ៊ុនថ្នាំស៉ីរ៉ូក្អក ដែលពាក់ព័ន្ធនឹងករណីកុមារស្លាប់ ១៧នាក់នៅឥណ្ឌា (Video inside)

09-10-2025 15:32

(CHHINDHWARA)៖ មន្រ្តីប៉ូលិសឥណ្ឌាជាន់ខ្ពស់ម្នាក់ បានប្រាប់ Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលានេះថា ម្ចាស់ក្រុមហ៊ុនឱសថ Sresan Pharmaceutical ផលិតថ្នាំស៉ីរ៉ូក្អកដែលពាក់ព័ន្ធនឹងការស្លាប់នៃកុមារ ១៧នាក់ក្នុងរដ្ឋ Madhya Pradesh ត្រូវបានចាប់ខ្លួនហើយ។

កុមារ ដែលភាគច្រើនក្រោមអាយុ ៥ឆ្នាំ បានស្លាប់កាលពីខែមុន បន្ទាប់ពីប្រើប្រាស់ថ្នាំក្អកមានសារធាតុដែលអាចពុល diethylene glycol ក្នុងបរិមាណលើសជិត ៥០០ដងនៃដែនកំណត់អនុញ្ញាត។ ការស្លាប់ពាក់ព័ន្ធនឹងថ្នាំស៉ីរ៉ូក្អករបស់ក្រុមហ៊ុន Sresan Pharmaceutical និងដែលត្រូវបានហាមឃាត់នៅរដ្ឋមួយចំនួន ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីធ្វើតេស្ត។

ប៉ូលិសនិយាយថា លោក S. Ranganathan ដែលជាម្ចាស់ក្រុមហ៊ុន Sresan Pharmaceutical ក្នុងរដ្ឋ Tamil Nadu ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅឯទីក្រុង Chennai និងត្រូវបង្ហាញខ្លួនក្នុងតុលាការ។ ក្រោយការបង្ហាញខ្លួន លោក Ranganathan នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Chhindhwara រដ្ឋ Madhya Pradesh។

គួរបញ្ជាក់ថា តាមច្បាប់ឥណ្ឌា អ្នកផលិតថ្នាំត្រូវតែធ្វើតេស្តលើគ្រប់សារធាតុផ្សំ និងផលិតផលសម្រេចរបស់ខ្លួន។ ឥណ្ឌា ជាអ្នកផ្គត់ផ្គង់ ៤០ភាគរយនៃថ្នាំពេទ្យសម្រាប់ប្រើប្រាស់នៅសហរដ្ឋអាមេរិក និងច្រើនជាង ៩០ភាគរយសម្រាប់ប្រទេសជាច្រើននៅអាហ្រ្វិក៕