ចិនបង្ហាញក្តីសង្ឃឹមសម្រាប់បទឈប់បាញ់ជាអចិន្រ្តៃយ៍និងគ្រប់ជ្រុងជ្រោយ ក្នុងសង្រ្គាមនៅហ្កាហ្សា (Video inside)

09-10-2025 16:08

(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ចិនបានបង្ហាញក្តីសង្ឃឹមរបស់ខ្លួន សម្រាប់បទឈប់បាញ់មួយដែលជាអចិន្រ្តៃយ៍ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅហ្កាហ្សា បន្ទាប់ពីអ៉ីស្រាអែលនិងហាម៉ាស បានព្រមព្រៀងគ្នាលើការដោះលែងចំណាប់ខ្មាំងរស់ នៅសេសសល់ទាំងអស់ ដែលបន្តជាប់ឃុំឃាំងក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា «ចិនសង្ឃឹមថា នឹងអាចមានការឈានដល់សម្រេចបាន បទឈប់បាញ់មួយដែលជាអចិន្រ្តៃយ៍និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ នៅហ្កាហ្សាឆាប់ៗតាមតែអាចទៅរួច ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ក៏ដូចជាភាពតានតឹងក្នុងតំបន់»។ យ៉ាងណាមិញ លោក Guo បានបន្ថែមថា ចិនបន្តគាំទ្រនូវគោលការណ៍ដែលថា ជនជាតិប៉ាឡេស្ទីនគួរតែជាអ្នកទទួលបន្ទុកដឹកនាំអភិបាលកិច្ច លើដែនដីប៉ាឡេស្ទីន។

កាលពីថ្ងៃពុធ ទី៨ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់លោក ដែលនឹងបើកផ្លូវឆ្ពោះទៅរកការដោះលែង ចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល បច្ចុប្បន្នមានចំណាប់ខ្មាំង ៤៨នាក់កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយក្នុងចំណោមពួកគេមាន ២០នាក់ត្រូវបានជឿថានៅរស់រានមានជីវិត។ លោក ត្រាំ បានអះអាងថា ចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា អាចនឹងត្រូវបានដោះលែងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរតំបន់ហ្កាហ្សា គិតមកទល់ពេលនេះ មនុស្សលើស៦៧ ០០០នាក់ បានស្លាប់ និងតំបន់ហ្កាហ្សាភាគច្រើន ត្រូវបានបំផ្លិចបំផ្លាញហិនហោច ចាប់តាំងពីអ៉ីស្រាអែល បានធ្វើសង្រ្គាមសងសឹកក្រុមហាម៉ាស សម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ តាមអាជ្ញាធរអ៉ីស្រាអែល ក្នុងការវាយប្រហារកាលពីពេលនោះ មនុស្សប្រហែល១២០០នាក់ បានស្លាប់ និង២៥១នាក់ផ្សេងទៀត ត្រូវបានចាប់យកទៅតំបន់ហ្កាហ្សា ដើម្បីធ្វើជាចំណាប់ខ្មាំង៕