តួកគី ថានឹងចូលរួមតាមដានការអនុវត្តផែនការសន្តិភាពហ្កាហ្សា (Video inside)

09-10-2025 16:25

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា លោកសប្បាយចិត្តនឹងលទ្ធផល នៃការចរចារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលបានឈានដល់ការព្រមព្រៀងគ្នាលើដំណាក់កាលទី១ នៃផែនការសន្តិភាពហ្កាហ្សា ហើយថាតួកគីនឹងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការអនុវត្ត និងចូលរួមក្នុងដំណើរការបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ ២០២៥។

នៅលើបណ្តាញសង្គម X លោក Erdogan បានបង្ហោះសារមួយថា «ខ្ញុំសប្បាយចិត្តណាស់ ដែលការពិភាក្សាហាម៉ាស-អ៉ីស្រាអែល ធ្វើឡើងនៅក្នុងទីក្រុង Sharm el-Sheikh ដោយមានការរួមចំណែកពីតួកគី ហើយសម្រេចបាននូវបទឈប់បាញ់ហ្កាហ្សា»

លោក Erdogan បានអរគុណប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានជំរុញរដ្ឋាភិបាលអ៉ីស្រាអែល ឱ្យឆ្ពោះមករកបទឈប់បាញ់ ហើយក៏អរគុណដល់កាតា និងអេហ្ស៉ីបផងដែរ ជាមួយការបញ្ជាក់ទៀតថា «តួកគី នឹងចូលរួមតាមដានដោយយកចិត្តទុកដាក់ លើការអនុវត្តបទបាញ់នេះ»

គួរបញ្ជាក់ថា តួកគី ដែលបានចូលរួមក្នុងការចរចាបទឈប់បាញ់នៅអេហ្ស៉ីប គឺជាអ្នករិះគន់ធ្ងន់ៗ ចំពោះសង្រ្គាមរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ហើយថែមទាំងបានបញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងអស់ ជាមួយអ៉ីស្រាអែលផងដែរ៕