ហាម៉ាសថា បទឈប់បាញ់ហ្កាហ្សា «នឹងចូលជាធរមានភ្លាមៗ» បន្ទាប់ពីរដ្ឋាភិបាលអ៉ីស្រាអែលអនុម័តយល់ព្រមជាផ្លូវការ (Video inside)

09-10-2025 19:24

(ដូហា)៖ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក អូសាម៉ា ហាំដាន (Osama Hamdan) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងចូលជាធរមានភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលអ៉ីស្រាអែលបានអនុម័តជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោក ហាំដាន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះតំណាងឱ្យការបញ្ចប់ទាំងស្រុងនូវអរិភាព ហើយការដោះដូរអ្នកទោសនឹងមិនកើតឡើងឡើយ រហូតដល់ការឈប់បាញ់ទាំងស្រុងត្រូវបានប្រកាសជាមុនសិន។ លោកបានបន្ថែមថា ដំណាក់កាលដំបូងនឹងរួមបញ្ចូលទាំងការដកកងកម្លាំងអ៉ីស្រាអែលចេញពីទីក្រុងធំៗ និងការបើកច្រកព្រំដែនសម្រាប់ជំនួយមនុស្សធម៌។

ទោះជាយ៉ាងណា លោក ហាំដាន បានបញ្ជាក់ទៀតថា «បទឈប់បាញ់ត្រូវសន្មត់ថាចាប់ផ្តើមអនុវត្តនៅម៉ោង ១២:០០ថ្ងៃត្រង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅតែទាមទារការយល់ព្រមពីរដ្ឋាភិបាលអ៉ីស្រាអែល»។ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយតាមដានការអនុវត្តរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា គណៈប្រតិភូអ៉ីស្រាអែល និងហាម៉ាស បានបើកកិច្ចចរចាដោយមានការសម្របសម្រួលពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃចន្ទមក។ ហើយកាលពីថ្ងៃពុធ ទី៨ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់លោក ដែលនឹងបើកផ្លូវឆ្ពោះទៅរកការដោះលែង ចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់៕