លោក Zelenskiy ថាការផ្គត់ផ្គង់ប្រេងសាំងរុស្ស៉ីអាចធ្លាក់ចុះមួយភាគប្រាំ ក្រោយការវាយប្រហាររបស់អ៊ុយក្រែន
09-10-2025 19:46
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន «ទៅលើរោងចក្រថាមពលរុស្ស៉ី អាចបានកាត់បន្ថយការផ្គត់ផ្គង់ប្រេងសាំងរបស់រុស្ស៉ីរហូតដល់មួយភាគប្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងជឿជាក់ថា ពួកគេ (រុស្ស៉ី) បានបាត់បង់ការផ្គត់ផ្គង់ប្រេងសាំងរហូតដល់ ២០% ដែលជាលទ្ធផលដោយផ្ទាល់ពីការវាយប្រហាររបស់យើង»។ ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានអះអាងថា ទីផ្សារឥន្ធនៈក្នុងស្រុករបស់រុស្ស៉ីត្រូវបានផ្គត់ផ្គង់យ៉ាងពេញលេញ។
លោក Zelenskiy បានបន្ថែមថា លោកជឿជាក់ថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងរុស្ស៉ី គ្មានទស្សនវិស័យរួមគ្នាលើសង្គ្រាមនេះទេ ហើយសហរដ្ឋអាមេរិកក៏យល់ច្បាស់ថារុស្ស៉ីកំពុងតែកុហក។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរូបនេះបានបង្ហើបប្រាប់ថា នាយសេនាធិការ និងនាយករដ្ឋមន្ត្រីអ៊ុយក្រែន នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅដើមសប្តាហ៍ក្រោយ។
លោក Zelenskiy បានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលផលិតក្នុងស្រុកប្រភេទ Neptune និង Flamingo ក្នុងការវាយប្រហារនាពេលថ្មីៗនេះ។ ស្របពេលជាមួយគ្នា សារព័ត៌មាន The Wall Street Journal និង Reuters ក៏បានរាយការណ៍កាលពីសប្តាហ៍មុនដែរថា សហរដ្ឋអាមេរិកនឹងផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែន នូវគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលនៅជ្រៅក្នុងទឹកដីរុស្ស៉ី៕