អ៊ុយក្រែនថា នឹងស្នើឈ្មោះលោក ត្រាំ ឱ្យឈ្នះពានរង្វាន់ណូបែល ប្រសិនបើលោកអាចជួយនាំមកនូវសន្តិភាពនៅអ៊ុយក្រែន (Video inside)

09-10-2025 20:12

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងពីគំនិតស្នើសុំឱ្យលោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព ដែលជាយុទ្ធសាស្ត្រថ្មីមួយដើម្បីបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យដាក់សម្ពាធបន្ថែមលើរុស្ស៉ី ដើម្បីបង្ខំឱ្យចូលតុចរចាសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Zelenskiy បានមានប្រសាសន៍ថា «ប្រសិនបើលោក ត្រាំ ផ្តល់ឱកាសដល់ពិភពលោក ជាពិសេសប្រជាជនអ៊ុយក្រែន សម្រាប់បទឈប់បាញ់បែបនេះមែននោះ លោកពិតជាស័ក្តិសមនឹងត្រូវបានស្នើឈ្មោះសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ យើងនឹងស្នើឈ្មោះគាត់ក្នុងនាមនៃប្រទេសអ៊ុយក្រែន»។

ការលើកឡើងបែបនេះកើតឡើង ខណៈដែលទីក្រុងកៀវកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីទទួលបានការគាំទ្រពីលោក ត្រាំ ជាពិសេសលើការផ្តល់មីស៊ីល Tomahawk ដែលខ្លួនជឿថាអាចបង្ខំឱ្យរុស្ស៉ីចូលតុចរចាបាន។ ថ្មីៗនេះ លោក ត្រាំ ក៏បានបង្ហាញសញ្ញាថា លោកអាចនឹងពិចារណាក្នុងការផ្តល់អាវុធទាំងនោះផងដែរ។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានអះអាងថា លោកគួរតែទទួលបានពានរង្វាន់ណូបែលនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពជាច្រើននាពេលកន្លងមក៕