ចិនដាក់ក្រុមហ៊ុនបរទេស១៤ រួមទាំងក្រុមហ៊ុនប្រឹក្សាបច្ចេកវិទ្យា ចូលក្នុង «បញ្ជីខ្មៅ» (Video inside)
09-10-2025 22:15
(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់បញ្ចូលអង្គភាពបរទេសចំនួន ១៤ ទៅក្នុង «បញ្ជីអង្គភាពមិនគួរឱ្យទុកចិត្ត» ដែលជាវិធានការរឹតបន្តឹងសមត្ថភាពរបស់ពួកគេក្នុងការធ្វើសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនមួយចំនួនដែលភាគច្រើនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺបានធ្វើសហប្រតិបត្តិការយោធា និងបច្ចេកវិទ្យាជាមួយតៃវ៉ាន់ ឬបានជួយរដ្ឋាភិបាលបរទេសក្នុងការគាបសង្កត់ក្រុមហ៊ុនចិន។ ក្នុងចំណោមនោះ មានក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាកាណាដាដ៏ល្បីមួយឈ្មោះ TechInsights និងវេទិកាសន្តិសុខអន្តរជាតិ Halifax International Security Forum។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន TechInsights កាលពីខែតុលាឆ្នាំមុន បានលាតត្រដាងព័ត៌មានថា ក្រុមហ៊ុន Huawei នៅតែបន្តប្រើប្រាស់បន្ទះឈីបដែលផលិតដោយក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដែលជាសមាសធាតុសំខាន់ដែលសហរដ្ឋអាមេរិកព្យាយាមរារាំងមិនឱ្យ Huawei ទទួលបានតាមរយៈការដាក់ទណ្ឌកម្ម៕