គណៈរដ្ឋមន្ត្រីអ៉ីស្រាអែល អនុម័តបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំំំណាប់ខ្មាំងជាមួយហាម៉ាស
10-10-2025 08:52
(ហ្ស៊េរុយសាឡិម)៖ រដ្ឋាភិបាលអ៉ីស្រាអែលបានអនុម័តយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃសុក្រ ទី១០ ខែតុលា ដែលនេះនឹងត្រួសត្រាយ ផ្លូវឆ្ពោះទៅរកការផ្អាកការវាយប្រយុទ្ធគ្នាក្នុងពេល ២៤ម៉ោងខាងមុខ និងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាប់ឃុំនៅហ្កាហ្សាក្នុងពេល ៧២ម៉ោងបន្ទាប់ពីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានឯកភាពគ្នាលើការអនុម័តកិច្ចព្រមព្រៀងជាមួយហាម៉ាស នៅព្រឹកថ្ងៃសុក្រនេះ ពោល២៤ម៉ោងក្រោយក្រុមអ្នកសម្របសម្រួលកិច្ចចរចាប្រកាសពី កិច្ចព្រមព្រៀងមួយស្ដីពីការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន នៅក្នុងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង២ឆ្នាំមកនេះនៅហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបង្ហោះសារ លើបណ្ដាញទំនាក់ទំនងសង្គម X ដោយនិយាយថា «រដ្ឋាភិបាលរបស់លោកទើបតែអនុម័តយល់ព្រមលើក្របខណ្ឌការងារសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ ទាំងនៅមានជីវិត និងសាកសពចំណាប់ខ្មាំង»។
ចំណែក មេដឹកនាំហាម៉ាស លោក Khalil Al-Hayya ក៏បានបញ្ជាក់ដែរថាលោកទទួលបានការធានាពីសហរដ្ឋអាមេរិក និងក្រុមអ្នកសម្របសម្រួលកិច្ចចរចាថាសង្រ្គាម នឹងត្រូវបិទបញ្ចប់។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលអ៉ីស្រាអែល បទឈប់បាញ់នឹងចូលជាធរមានក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការអនុម័តយល់ព្រមរបស់រដ្ឋាភិបាល ហើយបន្ទាប់ពី ២៤ម៉ោងនេះ ចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សានឹងត្រូវបានដោះលែងក្នុងពេល៧២ម៉ោង។ ចំណាប់ខ្មាំងអ៉ីស្រាអែល ២០នាក់ត្រូវបានជឿជាក់ថានៅរស់រាន មានជីវិត ខណៈ២៦នាក់ត្រូវបានសន្មត់ថាបានស្លាប់ រីឯ២នាក់ទៀតមិនទាន់ដឹងថាមានជោគវាសនាយ៉ាងណាទេ។ ក្រុមហាម៉ាសវិញបាននិយាយថាការប្រគល់សាកសព ចំណាប់ខ្មាំងអាចនឹងត្រូវចំណាយយូរជាងការដោះលែងចំណាប់ខ្មាំងនៅមានជីវិត។
នៅក្រោមដំណាក់កាលទី១នៃផែនការសន្តិភាពរបស់លោក ត្រាំ ការវាយប្រយុទ្ធគ្នា នឹងត្រូវបានបញ្ឈប់ ហើយអ៉ីស្រាអែលនឹងត្រូវដកកងទ័ពមួយផ្នែកចេញពីតំបន់ហ្កាហ្សា រីឯក្រុមហាម៉ាសនឹងត្រូវដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលសេសសល់ទាំងអស់ ជាថ្នូរនឹងការដោះលែងប្រជាជនប៉ាឡេស្ទីនមួយចំនួនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ អ៉ីស្រាអែល៕