រុស្ស៉ី វាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ខណៈរដូវរងាជិតមកដល់ (Video inside)
10-10-2025 09:25
( Reuters)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃសុក្រ ទី១០ ខែតុលា បានឱ្យដឹងថាការវាយប្រហារទ្រង់ទ្រាយធំមួយរបស់រុស្ស៉ីលើរដ្ឋធានីកៀវ បានបណ្ដាលឱ្យអគារស្នាក់នៅមួយឆាបឆេះ ហើយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល បានបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃរដ្ឋធានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថាមនុស្ស ៩នាក់ក៏បានរងរបួសផងដែរ ក្នុងនោះមាន៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកបន្ថែមថា ការវាយប្រហាររបស់រុស្ស៉ីបានធ្វើឱ្យដាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតាមស្រុកជាច្រើនស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Dnipro។ ដោយឡែក រូបភាពដែលត្រូវបានបង្ហោះ លើអនឡាញ បានបង្ហាញពីអគារស្នាក់នៅមួយត្រូវអគ្គិភ័យឆាបឆេះ ខណៈកម្ទេចកម្ទីដ្រូនដែលត្រូវបានបាញ់ទម្លាក់បានធ្លាក់លើផ្នែកជាច្រើននៃរដ្ឋធានីកៀវ។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានផ្តោតលើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈរដូវរងាកាន់តែខិតជិតចូលមកដល់។ ប៉ុន្តែ ព្រមពេលជាមួយគ្នា អ៊ុយក្រែនក៏បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៉ីវិញដែរ៕