លោក ដូណាល់ ត្រាំ លើកឡើងពីបំណងចង់បណ្ដេញអេស្ប៉ាញចេញពី NATO
10-10-2025 10:02
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា បានស្នើឱ្យ NATO ពិចារណាលើការបណ្ដេញអេស្ប៉ាញចេញពីបក្សសម្ព័ន្ធយោធាមួយនេះ ដោយសារប្រទេសអឺរ៉ុបខាងលិចមួយនេះមិនបានបង្កើនការចំណាយលើកញ្ចប់ថវិកាយោធាតាមការទាមទាររបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បណ្ដាប្រទេសជាសមាជិក NATO កាលពីខែមិថុនាកន្លងទៅ បានយល់ស្របលើការបង្កើនកញ្ចប់ថវិកាយោធារបស់ពួកគេដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP តាមការទាមទាររបស់លោក ត្រាំ ដែលចង់ឱ្យអឺរ៉ុបបង្កើនការចំណាយរបស់ពួកគេលើវិស័យការពារជាតិ។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានលើកឡើង នៅពេលនោះថាលោកមិនអាចបំពេញតាមគោលដៅបង្កើនកញ្ចប់ថវិកាយោធា៥ភាគរយនៃ GDP នេះបានទេ ពីព្រោះវាមិនសមស្របនឹងសុខមាលភាពរដ្ឋ និងចក្ខុវិស័យរបស់អេស្ប៉ាញ ចំពោះពិភពលោក។ ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯកិច្ចប្រជុំមួយនៅការិយាល័យពងក្រពើនៃសេតវិមានជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb។
គួរបញ្ជាក់ថា អេស្ប៉ាញបានចូលជាសមាជិក NATO ក្នុងឆ្នាំ១៩៨២។ NATO ដែលឥលូវមានសមាជិកចំនួន ៣២ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២មក ដែលជាសង្រ្គាមធំជាងគេបំផុតមួយនៅលើទឹកដីអឺរ៉ុបចាប់តាំងសង្រ្គាមលោកលើកទី២បិទបញ្ចប់៕