ចិន ពង្រីកការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ កំណត់គោលដៅលើវិស័យយោធា និងអ្នកទិញបន្ទះឈីប (Video inside)

10-10-2025 11:51

(ប៉េកាំង)៖ ប្រទេសចិន បានពង្រីកវិធានការនាំចេញរ៉ែកម្ររបស់ខ្លួន ដោយបន្ថែមចំណុច ៥ថ្មីទៀត និងការត្រួតពិនិត្យតឹងរ៉ឹងលើអ្នកទិញផលិតផល semiconductor ខណៈទីក្រុងប៉េកាំងព្យាយាមរឹតបន្តឹងការគ្រប់គ្រងវិស័យនេះ មុនលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក ស៉ី ជីនពីង ប្រធានាធិបតីចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ ២០២៥។

ចិន ក៏បានបន្ថែមធាតុផ្សំច្រើនប្រភេទនៃបច្ចេកវិទ្យាចម្រាញ់ ទៅក្នុងបញ្ជីត្រួតពិនិត្យរបស់ខ្លួនផងដែរ ហើយបានប្រកាសច្បាប់ដែលនឹងតម្រូវឱ្យមានការអនុលោមតាម ពីសំណាក់អ្នកផលិតរ៉ែកម្របរទេសដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិន។ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការពង្រីកវិធានការនេះ បន្ទាប់ពីក្រុមសមាជិកសភាអាមេរិក បានអំពាវនាវឱ្យមានការហាមឃាត់យ៉ាងទូលំទូលាយ លើការនាំចេញសម្ភារៈសម្រាប់ផលិតបន្ទះឈីបមកកាន់ប្រទេសចិន។

គួរបញ្ជាកថា ចិន ផលិតបានជាង ៩០ភាគរយនៃរ៉ែកម្រកែច្នៃ និងដែកម៉ាញេទិច នៅលើពិភពលោក។ រ៉ែកម្រ ១៧ប្រភេទដែលចិនមាន គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់សម្ភារឧបករណ៍នានា រាប់ចាប់ពីរថយន្តអគ្គិសនី រហូតដល់ម៉ាស៉ីនយន្តហោះ និងរ៉ាដាយោធា។ ក្នុងចំណោមនោះ មាន ១២ប្រភេទ ស្ថិតក្រោមវិធានការរឹតបន្តឹងលើការនាំចេញ៕