អង់គ្លេសចុះកិច្ចព្រមព្រៀង៤៦៨លានដុល្លារ ដើម្បីលក់មីស៉ីលឱ្យឥណ្ឌា (Video inside)

10-10-2025 13:20

(ឡុងដ៍)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ចក្រភពអង់គ្លេស បាននិយាយថា ខ្លួនបានចុះកិច្ចសន្យាទំហំ៣៥០លានផោន ស្មើនឹង ៤៦៨លានដុល្លារ ដើម្បីផ្គត់ផ្គង់មីស៉ីលធុនស្រាលឱ្យយោធាឥណ្ឌា ក្រោមក្របខណ្ឌនៃការធ្វើឱ្យភាពជាដៃគូក្នុងវិស័យការពារជាតិរវាង​ប្រទេសទាំងពីរ កាន់តែមានភាពស៉ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយបានជួបជាមួយនាយករដ្ឋមន្រ្តី លោក Narendra Modi នៅទីក្រុង Mumbai។ ក្រោមកិច្ចសន្យានោះ អង់គ្លេសនឹងផ្គត់ផ្គង់​មីស៉ីល Lightweight Multirole Missiles ឬ Martlet ដែលផលិតដោយក្រុមហ៊ុន Thales Air Defence ដល់ឥណ្ឌា។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែល ទីក្រុងឡុងដ៍ក៏បានប្រកាសឱ្យដឹង ពីការឈានដល់កិច្ចព្រមព្រៀងទំហំ២៥០លានផោន ជាមួយទីក្រុងញូវដែលី ស្តីពីការជំរុញទៅមុខនូវកិច្ចសហប្រតិបត្តិការ លើម៉ាស៉ីនអេឡិកត្រូនិកសម្រាប់នាវាកងទ័ពជើងទឹក ផងដែរ។ អំឡុងរយៈពេលប្រមាណ១ឆ្នាំកន្លងទៅនេះ លោក Starmer ត្រូវគេសង្កេតឃើញថា បានផ្តោតជាខ្លាំងលើវិស័យការពារជាតិរបស់អង់គ្លេស ដើម្បីព្យាយាមជំរុញកំណើនសេដ្ឋកិច្ច ដោយបានសន្យាបង្កើនការចំណាយលើយោធា​ឱ្យស្របជាមួយគោលដៅរបស់ NATO ហើយនិងការនាំចេញសព្វាវុធ តួយ៉ាងដូចជាកិច្ចសន្យាលក់នាវាចម្បាំងថ្មីៗ ក្នុងតម្លៃ ១៣.៥ពាន់លានដុល្លារ ឱ្យទៅន័រវែស៕