តៃវ៉ាន់ប្រកាសគម្រោងកសាងប្រព័ន្ធខែលការពារដែនអាកាសថ្មី ដើម្បីទុកទប់ទល់ចិន (Video inside)
10-10-2025 13:40
(តៃប៉ិ)៖ នាថ្ងៃសុក្រ ទី១០ ខែតុលា មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា តៃវ៉ាន់នឹងកសាងប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ថ្មីមួយ ហៅថា T-Dome ដើម្បីទុកការពារខ្លួនប្រឆាំងការគំរាមកំហែងពីសត្រូវ ហើយថែមទាំងបង្កើនការចំណាយលើវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងឱកាសទិវាជាតិ លោក Lai បានលើកឡើងថា តៃវ៉ាន់ប្តេជ្ញាចំណាយឱ្យកាន់តែច្រើនជាងមុនលើវិស័យការពារជាតិ ហើយនឹងស្នើកញ្ចប់ថវិកាពិសេស សម្រាប់ការចំណាយរបស់យោធា មុនដំណាច់ឆ្នាំនេះ ដើម្បីបង្ហាញពីការតាំងចិត្តរបស់រដ្ឋាភិបាលក្នុងការការពារដែនកោះនេះ។
លោក Lai បាននិយាយដូច្នេះថា «ការបង្កើនការចំណាយលើវិស័យការពារជាតិ មានគោលដៅរបស់វា គឺចាំបាច់ដើម្បីទប់ទល់ការគំរាមកំហែងរបស់សត្រូវ និងដើរតួនាទីជាកម្លាំងរុញច្រាន សម្រាប់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់យើង។ យើងនឹងកសាងប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំមួយហៅថា T-Dome នៅតៃវ៉ាន់ ហើយមានស្រទាប់ការពារច្រើនជាន់ ដើម្បីផ្តល់សុវត្ថិភាពដល់អាយុជីវិត ក៏ដូចជាទ្រព្យសម្បត្តិរបស់ប្រជាជន»។
គួរបញ្ជាក់ថា លោក Lai មិនបានផ្តល់ព័ត៌មានលម្អិតលើសពីនេះឡើយ អំពីប្រព័ន្ធ T-Dome។ ប្រព័ន្ធការពារដែនអាកាសសព្វថ្ងៃរបស់តៃវ៉ាន់ គឺជាចម្បងពឹងផ្អែកលើប្រព័ន្ធ Patriot របស់អាមេរិក និង Sky Bow ដែលតៃវ៉ាន់ផលិតដោយខ្លួនឯង។ កាលពីខែមុន តៃវ៉ាន់បានបញ្ចេញមីស៉ីលការពារអាកាសថ្មីចុងក្រោយរបស់ខ្លួន អំឡុងពិព័រណ៍សព្វាវុធនៅទីក្រុងតៃប៉ិ ហៅថា Chiang-Kong ដែលត្រូវបានអភិវឌ្ឍឡើង ដើម្បីបាញ់ស្ទាក់មីស៉ីលបាលិស្ទីគកម្រិតមធ្យម ហើយអាចបាញ់ដល់ផ្ទៃអាកាសខ្ពស់ជាង មីស៉ីល Patriot៕