រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ថាម៉ាឡេស៉ីនឹងចូលរួមសង្កេតការណ៍ ការរៀបចំបោះឆ្នោតសកលរបស់ខ្លួន (Video inside)
10-10-2025 14:49
(ណៃពិដោ)៖ នាថ្ងៃសុក្រ ទី១០ ខែតុលា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ម៉ាឡេស៉ីនឹងបញ្ជូនក្រុមអ្នកសង្កេតការណ៍ មកចូលរួមតាមដានដំណើរការបោះឆ្នោតសកលរបស់ខ្លួន ដែលត្រូវបានពន្យារពេលជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan ដែលបានមកដល់រដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបជាមួយមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសន្យាថា នឹងបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មកមីយ៉ាន់ម៉ា។ ប្រទេសម៉ាឡេស៉ី មានតួនាទីជាប្រធានអាស៊ានប្តូរវេន សម្រាប់ឆ្នាំនេះ។
គួរបញ្ជាក់ថា សង្រ្គាមស៉ីវិលបាននិងកំពុងបន្តហែកហួរប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១។ របបសឹកបានអះអាងថា ការបោះឆ្នោតសកល ដែលគ្រោងចាប់ផ្តើមជាដំណាក់កាល នៅថ្ងៃទី២៨ ខែធ្នូ គឺជាមធ្យោបាយប្រសើរជាងគេ ដើម្បីឆ្ពោះទៅរកការផ្សះផ្សាជាតិ។ រដ្ឋាភិបាលយោធា ធ្លាប់បាននិយាយថា លទ្ធផលនៃការបោះឆ្នោត ត្រូវបានរំពឹងថា នឹងចេញនៅអំឡុងចុងខែមករា ឆ្នាំ២០២៦។
យ៉ាងណាមិញ ក្រុមអង្គការឃ្លាំមើល កំពុងនាំគ្នានិយាយថា ការបោះឆ្នោតខាងលើ គឺគ្រាន់តែជាឧបករណ៍ ដើម្បីផ្តល់ភាពស្របច្បាប់ឱ្យ របបយោធាបន្តគ្រប់គ្រងអំណាចប៉ុណ្ណោះ ខណៈអតីតសមាជិកសភាជាច្រើន ដែលត្រូវបានទម្លាក់ពីអំណាច បានប្តេជ្ញាធ្វើពហិការ ហើយក្រុមឧទ្ទាមប្រដាប់អាវុធ ក៏បានប្តេជ្ញាផងដែរថា នឹងរារាំងមិនឱ្យមានការបោះឆ្នោតប្រព្រឹត្តទៅបានឡើយ នៅក្នុងតំបន់ដែលពួកគេកំពុងកាន់កាប់៕