វិមានក្រឹមឡាំង ថារុស្ស៉ីគាំទ្រលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព (Video inside)
10-10-2025 15:00
(មូស្គូ)៖ នាថ្ងៃសុក្រ ទី១០ ខែតុលា ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី TASS ដោយស្រង់សម្តីទីប្រឹក្សាវិមានក្រឹមឡាំង លោក Yuri Ushakov បានរាយការណ៍ថា រុស្ស៉ីនឹងគាំទ្របេក្ខភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឈ្មោះអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ២០២៥ នឹងត្រូវប្រកាសនៅម៉ោង០៩៖០០ GMT នាថ្ងៃសុក្រនេះ ក៏ប៉ុន្តែក្រុមអ្នកវិភាគ បានអះអាងថា ណូបែលសន្តិភាពឆ្នាំនេះ គឺមានភាគរយទាបខ្លាំងណាស់ ដែលបានទៅលោកប្រធានាធិបតីអាមេរិក។ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចនៅសេតវិមានសាជាថ្មី កាលពីដើមឆ្នាំនេះ រុស្ស៉ីធ្លាប់បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនពិតជាអរគុណសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ដែលចង់ជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្នុងការអត្ថាធិប្បាយមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បាននិយាយដែរថា ទីក្រុងកៀវនឹងស្នើឈ្មោះលោក ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ប្រសិនបើរូបលោកអាចរកសន្តិភាពឱ្យអ៊ុយក្រែនបាន។ ក្នុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ក៏ទើបតែជួយឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាស នៅទីបំផុតព្រមព្រៀងគ្នាលើបទឈប់បាញ់ផងដែរ សម្រាប់សង្រ្គាមនៅហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣៕