ដៃគូរបស់បក្សកាន់អំណាចជប៉ុន ប្រកាសចែកផ្លូវ ខណៈលោកស្រី Takaichi រង់ចាំសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តី (Video inside)

10-10-2025 15:35

(តូក្យូ)៖ នាថ្ងៃសុក្រ ទី១០ ខែតុលា គណបក្ស Komeito បានប្រកាសថា ខ្លួននឹងចែកផ្លូវគ្នាជាមួយគណបក្សកាន់អំណាច ប្រជាធិបតេយ្យសេរី (LDP) ដែលប្រការនេះធ្វើឱ្យការក្តោបក្តាប់អំណាចរបស់បក្ស LDP ត្រូវធ្លាក់ក្នុងភាពមិនច្បាស់លាស់ ស្របពេលដែលមេដឹកនាំថ្មី លោកស្រី Sanae Takaichi កំពុងរង់ចាំការបោះឆ្នោតនៅសភា ដើម្បីតែងតាំងលោកស្រី ជានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មេដឹកនាំបក្ស Komeito លោក Tetsuo Saito បាននិយាយថា សម្ព័ន្ធភាពរយៈពេល២៦ឆ្នាំរវាងគណបក្សទាំងពីរ បានឈានដល់ការដួលរលំ ដោយសារតែបក្ស LDP មិនអាចផ្តល់ការបកស្រាយគ្រប់គ្រាន់ ជុំវិញការដោះស្រាយរបស់ខ្លួន ចំពោះរឿងអាស្រូវមូលនិធិនយោបាយ ដែលបានជះផលប៉ះពាល់យ៉ាងអវិជ្ជមាន ចំពោះចង្កោមរដ្ឋាភិបាលរបស់ពួកគេ។ លោក Saito បានបន្តថា បក្ស Komeito នឹងមិនគាំទ្រលោកស្រី Takaichi ក្នុងការបោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តី ដែលគ្រោងធ្វើឡើងក្នុងខែនេះឡើយ។

គួរបញ្ជាក់ថា លោកស្រី Takaichi ទើបតែត្រូវបានបក្ស LDP បោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ ដោយលែងមានបក្ស Komeito ជាដៃគូ លោកស្រី Takaichi នាពេលនេះ នឹងចាំបាច់ត្រូវការការគាំទ្រពីគណបក្សយ៉ាងហោច២ផ្សេងទៀត ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី និងដើម្បីអនុម័តសេចក្តីព្រាងច្បាប់ណាមួយ។