បែលហ្ស៉ិក អះអាងពីការទប់ស្កាត់បាន នូវផែនការវាយប្រហារលើនាយករដ្ឋមន្រ្តី
10-10-2025 16:00
(ព្រុចសែល)៖ ការិយាល័យរដ្ឋអាជ្ញាសាធារណៈ និងឧបនាយរដ្ឋមន្រ្តី លោក Maxime Prevot បានឱ្យដឹងថា ក្រុមរៀបចំផែនការវាយប្រហារលើ អ្នកនយោបាយបែកហ្ស៉ិក រួមទាំងលោកនាយករដ្ឋមន្រ្តី Bart de Wever ត្រូវបានទប់ស្កាត់ទាន់ពេល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ ២០២៥។
តាមការបង្ហោះសារលើបណ្តាញសង្គម X លោក Prevot បញ្ជាក់ថា «ព័ត៌មានពីផែនការវាយប្រហារ ដែលប្រុងកំណត់គោលដៅលើ លោកនាយករដ្ឋមន្រ្តី Bart de Wever ពិតជាគួរឱ្យភ្ញាក់ផ្អើល។ វាសបញ្ជាក់ថា យើងកំពុងប្រឈមនឹងការគំរាមកំហែងភេរវកម្មយ៉ាងច្បាស់ ហើយត្រូវបន្តប្រុងប្រយ័ត្ន»។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បែលហ្ស៉ិក លោកស្រី Annelies Verlinden បានឱ្យដឹងថា ប្រតិបត្តិការទប់ស្កាត់របស់ប៉ូលិស ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។ តាមការិយាល័យរដ្ឋអាជ្ញា ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្រោមការសួរចម្លើយ ជុំវិញការប៉ុនប៉ងធ្វើភេរវកម្ម និងចូលរួមក្នុងសកម្មភាពនៃក្រុមភេរវករ។
គួរបញ្ជាក់ថា បែលហ្ស៉ិក ត្រូវទប់ទល់នឹងការវាយប្រហារពីមនុស្ស ដែលមានទំនាក់ទំនងជាមួយក្រុម ISIS ចំពេលដែលភាពអសន្តិសុខ ពីក្រុមជនអន្ធពាលគ្រឿងញៀន កាន់តែកើនឡើងក្នុងទសវត្សរ៍ចុងក្រោយនេះ៕