ឥណ្ឌា នឹងបើកស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងកាប៊ុល របស់អាហ្វហ្កានីស្ថានឡើងវិញ

10-10-2025 16:48

(ញូវដេលី)៖ ឥណ្ឌា នឹងបើកស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងកាប៊ុល នៅអាហ្វហ្កានីស្ថានឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេល ៤ឆ្នាំ ដែលសញ្ញាមួយនៃការពង្រីកបណ្តាញការទូត ក្នុងប្រទេសដែលដឹកនាំដោយក្រុមតាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានប្រាប់រដ្ឋមន្រ្តីការបរទេសរដ្ឋបាលតាលីបង់ លោក Khan Muttaqi ដូច្នេះថា «ឥណ្ឌា មានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ​ចំពោះ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជ្យភាព​របស់​អាហ្វហ្គានីស្ថាន។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍអាហ្វហ្កានីស្ថាន ក៏ដូចជាស្ថិរភាព និងភាពធន់ក្នុងតំបន់» ដោយបន្ថែមថា «បេសកកម្មការងារបច្ចេកទេសក្នុងទីក្រុងកាប៊ុល ត្រូវបានដំឡើងទៅជាកម្រិតស្ថានទូត»

គួរបញ្ជាក់ថា លោក Muttaqi កំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា សម្រាប់ទស្សនកិច្ចរយៈពេល ៦ថ្ងៃ ដើម្បីជំរុញទំនាក់ទំនងជាមួយទីក្រុងញូវដេលី។ ឥណ្ឌា និងអាហ្វហ្គានីស្ថាន មានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ប៉ុន្តែទីក្រុងញូវដេលី មិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់នោះទេ៕