ថៃ៖ អគ្គិភ័យឆេះខុនដូមួយកន្លែងក្នុងទីក្រុងបាងកក បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង១៤នាក់រងរបួស (Video inside)
10-10-2025 17:25
(បាងកក)៖ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ បានរាយការណ៍ថាមានអគ្គិភ័យឆាបឆេះអគារខុនដូមួយមានកម្ពស់ ៣៨ជាន់ ស្ថិតនៅទល់មុខផ្សារទំនើប Pata Department Store ក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ដោយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួស។ នេះបើតាមកាសែតថៃ The Nation នៅថ្ងៃសុក្រ ទី១០ ខែតុលា។
អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះនៅម៉ោង ១៖៥៥នាទីរសៀល កាលពីថ្ងៃព្រហស្បតិ៍ ចេញពីបន្ទប់មួយនៅជាន់ទី១៦ និងបានឆេះរាលដាលដល់បន្ទប់ផ្សេងទៀតក្នុងជាន់ដដែល។ ទំហំនៃការខូចខាត មានជិត ៦០ម៉ែត្រក្រឡា។ នៅក្នុងចំណោមអ្នករងរបួសភាគច្រើនបង្កឡើងដោយសារឈ្លក់នឹងផ្សែង ហើយស្រ្តីម្នាក់រងរបួសធ្ងន់ដោយសារធ្លាក់ពីជាន់មួយ។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯអ្នកដែលបានបាត់បង់ជីវិតជាបុរសម្នាក់មានអាយុ៥៨ឆ្នាំ។ រូបគេបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗ អាជ្ញាធរថៃមិនទាន់អាចកំណត់ពី មូលហេតុនៃអគ្គិភ័យខាងលើនៅឡើយទេ៕