ជំនឿចិត្តលើវប្បធម៌ចិន «ការស្នង និង ការអភិវឌ្ឍ» ជំរុញល្បឿនដល់ការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន

10-10-2025 17:29

(ប៉េកាំង)៖ ប្រាជ្ញាចិនស្តីពី «ការពង្រឹងទំនុកចិត្តលើប្រវត្តិសាស្ត្រ និង ជំនឿចិត្តលើវប្បធម៌» ដែលបានស្នើឡើងជាផ្លូវការ នៅឯសន្និសីទជាតិស្តីពីការឃោសនា មនោគមវិជ្ជា និងវប្បធម៌ កាលពីខែតុលា ឆ្នាំ២០២៣ ដោយលោក Xi Jinping បានបង្កើនល្បឿននៃវឌ្ឍនភាពអារ្យធម៌ខាងស្មារតីរបស់ប្រជាជាតិចិន ដោយបានបញ្ចូលខ្លឹមសារកាន់តែស៊ីជម្រៅ ដោយបានបង្ហាញគំនិតថ្មី ទស្សនៈថ្មី និងការសន្និដ្ឋានថ្មីលើការអភិវឌ្ឍវប្បធម៌ចិនក្នុងយុគសម័យថ្មី។

ប្រាជ្ញាចិននេះបានរំលេចយ៉ាងច្បាស់ថា ប្រជាជាតិចិនដែលតែងចងចាំជាប់ជានិច្ចនូវប្រវត្តិសាស្រ្តរបស់ខ្លួន បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ នៅលើវិថីវិបុលភាពនៃយុគសម័យអនាគតមួយ នៃវប្បធម៌ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយរួមបញ្ចូលអភិវឌ្ឍទ្រឹស្តីវប្បធម៌ម៉ាក្សនិយម និងគ្រឹះអរិយធម៌ជាង៥ពាន់ឆ្នាំរបស់ខ្លួន ដោយបាននាំប្រទេសចិនមកកាន់វិបុលភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ហើយជាប្រទេសឈានមុខគេក្នុងការការពារអេកូឡូស៊ីសកល ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ព្រមទាំងរួមចំណែកយ៉ាងសកម្មលើការចែករំលែកសុភមង្គល ដល់មនុស្សជាតិក្នុងនាមជាជើងឯកថែរក្សាសន្តិភាពសកល ដោយមានកងរក្សាសន្តិភាពចិនក្នុងពេលថ្មីៗនេះ ទទួលបាន «មេដាយឥស្សរិយយសសន្តិភាព» ពីអង្គការសហប្រជាជាតិជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ប្រាជ្ញារបស់លោក Xi Jinping ស្តីពីជំនឿចិត្តលើវប្បធម៌ដែលបានផ្តើមកាលពីខែតុលា ឆ្នាំ២០២៣ បានផ្តល់នូវគតិបណ្ឌិតដល់ប្រជាជាតិចិនយល់យ៉ាងច្បាស់ថា យកអតីតកាលធ្វើជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងពីបច្ចុប្បន្នកាល និងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ធ្វើឲ្យ អតីតកាលបម្រើជាប្រយោជន៍ដល់បច្ចុប្បន្នកាល ប្រទេសចិនបានផ្តើមនូវវប្បធម៌ថ្មី ដោយរៀនផ្លាស់ប្តូរ និងអភិវឌ្ឍវប្បធម៌ប្រពៃណីតាមរបៀបរបបដែលប្រកបដោយនវានុវត្តភាព ដើម្បីធ្វើសមាហរណកម្មរវាងវប្បធម៌ចាស់ និងវប្បធម៌ថ្មី ហើយឲ្យវប្បធម៌ទាំងពីរនេះបម្រើជាប្រយោជន៍ នៅក្នុងបេសកកម្មទាំងក្នុងការបណ្តុះបណ្តាលប្រជាជនចិន ទាំងការបង្កើនវិបុលភាពសុខដុមនីយកម្មរបស់ប្រជាជនចិន នាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ យើងនឹងយល់យ៉ាងច្បាស់ថា បើទោះបីជាប្រជាជនចិនបាននិងកំពុងរៀនពីវិធីល្អបំផុត ដើម្បីអនុវត្តប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្លួន ហើយលើកកម្ពស់វប្បធម៌សហសម័យ ក្នុងពេលតែមួយយ៉ាងណាក៏ដោយ ក៏ប្រជាជនចិនតែងផ្តោតការយកចិត្តទុកដាក់ទៅលើការស្នង និងការអភិវឌ្ឍ ដោយចាត់ទុកថាការលះបង់វប្បធម៌ប្រពៃណីនេះ គឺប្រៀបបានទៅនឹងការកាត់ផ្តាច់ជីវិតរស់នៅរបស់ខ្លួនដូច្នោះដែរ។

សុខដុមនីយកម្មនៃវប្បធម៌ចិនវិវត្តស្របជាមួយយុគសម័យបានបង្កើនវិបុលភាពនៃការរស់នៅរបស់ប្រជាជនចិនទាំង៥៦ជនជាតិរួមរស់ជាមួយគ្នាបង្កើតបានកម្លាំងសាមគ្គីគ្រួសារប្រជាជាតិចិនដ៏រឹងមាំប្រកៀកស្មារគ្នានៃប្រជាជាតិចិនដោយរាប់បញ្ចូលប្រជាជនចិនរស់នៅក្នុងតំបន់តៃវ៉ាន់ក្នុងការបន្តជំហានតម្រង់ទៅកាន់គោលដៅរបស់ខ្លួន នោះគឺ «ការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន»

បញ្ញត្តិ «បដិសំយោគវិចារវិទ្យា» ជាខ្លឹមដ៏សំខាន់នៃការបង្កើនជំនឿចិត្តលើវប្បធម៌ចិនដោយ បានផ្តើមពីការរួមបញ្ចូល នូវគោលគំនិតម៉ាក្សនិយម ដែលជាគ្រឹះបែបវិទ្យាសាស្រ្តនៃអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន យកមកសំយោគនិងបន្ស៊ីជាមួយ ទស្សនវិជ្ជាចិនដូចជា«ឡៅជឺ» «ខុងជឺ» «ស៊ុនជឺ» ជាដើម ក្លាយជាគ្រឹះរបស់សង្គមនិយមតាមបែបផែនចិន។ បដិសំយោគវិចារវិទ្យាបានរួមចំណែក នៅក្នុងការពង្រឹងអារ្យធម៌ស្មារតីរបស់ប្រជាជាតិចិន ឆ្លើយតបនឹងខ្លឹមសារជាសារវន្ត ដែលបានដាក់ចេញដោយសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិនក្នុងការពង្រឹងកំណែទម្រង់ ដោយបន្តបើកលំហសេរីភាពទីផ្សារកាន់តែទូលាយ ការអភិវឌ្ឍផលិតភាពសង្គមរបស់ប្រទេសចិនកាន់តែមានភាពរឹងមាំ ហើយការអភិវឌ្ឍរបបសង្គមនិយមតាមបែបផែនចិន និងធ្វើទំនើបកម្មតាមបែបផែនចិនកាន់តែមានភាពចាស់ទុំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពកាន់តែប្រសើរដែលជាបញ្ញត្តិថ្មីនៃ «វប្បធម៌ចិន» សម្រាប់ឈានឆ្ពោះទៅសម្រេចបាន នូវការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន។

ទស្សនៈ«វប្បធម៌Hehe (和合)» ដែលជាប្រាជ្ញាចិនផ្តួចផ្តើមដោយលោក Xi Jinping បានផ្ដោតលើ «សាមគ្គី សន្តិភាព និងការរួមរស់ដោយវិបុលភាព» ដោយសង្កត់ធ្ងន់ទៅលើភាពសុខដុមរមនា និងការបង្រួបបង្រួម ជាជាងការប្រកួតប្រជែង និងជម្លោះដែលជាជ្រុងដ៏សំខាន់នៃកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ វប្បធម៌Heheនេះជាគំនិតមួយ ដែលស្របនឹងសង្គមរបស់ចិន ហើយបង្ហាញពីឥទ្ធិពលរួមគ្នានៃព្រះពុទ្ធសាសនា សាសនាតាវ និងលទ្ធិខុងជឺ ហើយក៏ជាការបញ្ជាក់ថា វប្បធម៌ Hehe មិនមែនជាផ្នែកខាងក្រៅចេញឆ្ងាយពីការអភិវឌ្ឍនោះទេ ផ្ទុយទៅវិញ វប្បធម៌ Heheជាគន្លងដ៏សំខាន់ក្នុងការរស់រានមានជីវិត និងការរីកចម្រើនរបស់ប្រជាជាតិចិន ក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ វប្បធម៌ Heheបាននិងកំពុងបង្កើនការយល់ស្របគ្នាជាលក្ខណៈសកល ពីទស្សនវិស័យរបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមនិយមគរុសភាក្នុងការប្រកាន់ខ្ជាប់ នូវអរិយធម៌អេកូឡូស៊ីដែលមានចិន ជាគំរូភាពក្នុងនាមជាប្រតិបត្តិករឯក នៃទស្សនៈ «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកដែលបាននាំប្រទេសចិន ក្លាយជាប្រទេសដែលពោរពេញ ដោយជីវចម្រុះ និងមានទំនួលខុសត្រូវខ្ពស់ចំពោះបរិស្ថានសកល ដោយរួមជាមួយល្បឿនដ៏លឿននៃវិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ខ្លាំងក្លា របស់ប្រទេសចិនដោយរាប់បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាបៃតង ថាមពលស្អាត រថយន្តអគ្គិសនី និងការប្តេជ្ញាចិត្តលើ គោលនយោបាយអព្យាក្រឹត្យកាបូននាឆ្នាំ២០៦០ថែមទៀតផង។

ជារួម គោលគំនិតដ៏សំខាន់របស់ប្រទេសចិនដែលមានលោក Xi Jinping ជាស្នូល បានបង្កើននូវសុខដុមនីយកម្ម និងវិបុលភាពសម្រាប់ផែនដីនិងមនុស្សជាតិ ដោយរួមគ្នាជាមួយប្រទេសចិន ក្នុងកិច្ចបង្កើនល្បឿននៃការកសាងសហគមន៍រួមជីវិត និងសហគមន៍រួមវាសនានៃមនុស្សជាតិ។ តាមរយៈគំនិតផ្តួចផ្តើម និងការប្រតិបត្តិជាក់ស្តែងប្រកបដោយផ្លែផ្កា និងពោរពេញដោយស័ក្តិសិទ្ធិភាព ដល់ការអភិវឌ្ឍសង្គមមនុស្សក្រោមទម្រសន្តិភាព សហគមន៍អន្តរជាតិ មានសម្លេងរួមគ្នាកាន់តែខ្លាំង សាទរការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសចិន ដែលជាកាលានុវត្តភាពនៃវឌ្ឍនភាព របស់ពិភពលោក ហើយ «គោលការណ៍ចិនតែមួយ» ជាមូលដ្ឋានគ្រឹះដែលសហគមន៍អន្តរជាតិបង្កើន ការគាំទ្រស្របតាមខ្លឹមសារដែលបានចែង នៅក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី២៦ ដែលជាគ្រឹះដ៏រឹងមាំក្នុងការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន នឹងនាំប្រទេសចិនបង្កើនតួនាទីរបស់ខ្លួន កាន់តែសកម្មនិងកាន់តែសំខាន់ក្នុងការបង្កើនសម្លេង នៃសហគមន៍វាសនារួមនៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន