ICC បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក Duterte ខណៈរង់ចាំការកាត់ទោស (Video inside)
10-10-2025 18:58
(ឡាអេ)៖ ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបដិសេធសំណើរបស់មេធាវីការពារក្តីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលសុំឱ្យដោះលែងរូបលោកពីការឃុំខ្លួន ខណៈរង់ចាំការកាត់ទោស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មេធាវីរបស់លោក ឌូតឺតេ បានអះអាងថា ដោយសារបញ្ហាថយចុះនៃការយល់ដឹង រូបលោកមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការចូលរួមសវនាការទេ ហើយក៏មិនបង្កហានិភ័យនៃការរត់គេចខ្លួនដែរ។ ទោះជាយ៉ាងណា ចៅក្រមបានសម្រេចថា លោក ឌូតឺតេ ត្រូវតែបន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំង ដើម្បីធានាថា លោកនឹងបង្ហាញខ្លួនសម្រាប់ការកាត់ទោស និងមិនរារាំងដំណើរការស៊ើបអង្កេតដែលកំពុងបន្ត។
គួរបញ្ជាក់ថា លោក ឌូតឺតេ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅកាន់ទីក្រុងឡាអេ កាលពីខែមីនា ក្រោមដីកាចាប់ខ្លួនដែលពាក់ព័ន្ធនឹងករណីឃាតកម្មរាប់ពាន់នាក់ អំឡុងពេល «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់លោក។ តុលាការនៅតែកំពុងពិចារណាលើសំណើដែលថាតើលោក ឌូតឺតេ មានលក្ខណៈគ្រប់គ្រាន់ក្នុងការចូលរួមសវនាការដែរឬទេ ប៉ុន្តែបញ្ជាក់ថាការសម្រេចចិត្តនេះគឺដាច់ដោយឡែកពីគ្នា៕