ប្រជាជនប៉ាឡេស្ទីនវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈកងទ័ពអ៉ីស្រាអែលចាប់ផ្តើមដកថយក្រោមបទឈប់បាញ់ (Video inside)
10-10-2025 20:10
(ហ្កាហ្សា)៖ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ នៅថ្ងៃសុក្រនេះបានចាប់ផ្តើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនៅភាគខាងជើងតំបន់ហ្កាហ្សាវិញ បន្ទាប់ពីបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន ហើយកងទ័ពអ៉ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីតំបន់មួយចំនួននៃតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមកិច្ចព្រមព្រៀង ក្រុមហាម៉ាសត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ២០នាក់ ក្នុងរយៈពេល ៧២ម៉ោង។ បន្ទាប់មក អ៉ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ២៥០នាក់ដែលជាប់ពន្ធនាគាររយៈពេលវែង និង ១,៧០០នាក់ផ្សេងទៀតដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលសង្គ្រាម។ ប្រេសិតពិសេសអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បានបញ្ជាក់ថា ដំណាក់កាលដំបូងនៃការដកទ័ពបានចាប់ផ្តើមហើយ។
ទោះជាយ៉ាងណា ថ្លែងតាមទូរទស្សន៍ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា កងកម្លាំងអ៉ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់ហ្កាហ្សា ដើម្បីធានាថាទឹកដីនេះត្រូវបានដកហូតអាវុធនៅដំណាក់កាលបន្ទាប់។ អ្នកនាំពាក្យយោធាអ៉ីស្រាអែលក៏បានជំរុញឱ្យប្រជាជននៅហ្កាហ្សាជៀសវាងការចូលទៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៉ីស្រាអែលផងដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ ដែលអំពាវនាវឱ្យកងកម្លាំងអ៉ីស្រាអែលដកចេញពីទីក្រុងធំៗមួយចំនួន ទោះបីជាពួកគេនឹងនៅតែគ្រប់គ្រងទឹកដីប្រហែលពាក់កណ្តាលនៃតំបន់ហ្កាហ្សាក៏ដោយ។
សង្គ្រាមដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យប្រជាជនស្ទើរតែទាំងអស់ក្នុងចំណោម ២.២លាននាក់នៅហ្កាហ្សា ត្រូវផ្លាស់ទីលំនៅ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់មនុស្សជាង ៦៧,០០០នាក់ និងបានបំផ្លាញតំបន់ហ្កាហ្សាភាគច្រើនទៅជាគំនរបាក់បែក៕