លោក ពូទីន ថា «វាមិនមែនជារឿងធំដុំទេ» បើអាមេរិកមិនព្រមបន្តកិច្ចព្រមព្រៀងកំណត់ក្បាលគ្រាប់នុយក្លេអ៊ែរ (Video inside)
10-10-2025 21:14
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រថា វាមិនមែនជារឿងសំខាន់សម្រាប់ទីក្រុងមូស្គូនោះទេ ប្រសិនបើសហរដ្ឋអាមេរិកបដិសេធមិនព្រមបន្តសន្ធិសញ្ញាកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលនឹងផុតកំណត់នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ពូទីន បានគូសបញ្ជាក់ថា ការប្រកួតប្រជែងផ្នែកសព្វាវុធបានចាប់ផ្តើមរួចទៅហើយ ហើយរុស្ស៉ីក៏កំពុងអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីៗផងដែរ។ លោកបានបញ្ជាក់ថា រុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសន្ធិសញ្ញា New START ប្រសិនបើអាមេរិកយល់ព្រមដូចគ្នា ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយទេ។
លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអាមេរិកសម្រេចចិត្តថាពួកគេមិនត្រូវការវា (សន្ធិសញ្ញា) ទៀតទេ វាមិនមែនជារឿងធំដុំសម្រាប់ពួកយើងឡើយ»។ ទោះជាយ៉ាងណា លោកបានបន្ថែមថា វានឹងជារឿងអកុសល ប្រសិនបើក្របខ័ណ្ឌគ្រប់គ្រងអាវុធរវាងប្រទេសទាំងពីរត្រូវរលាយបាត់អស់។
គួរបញ្ជាក់ថា លោក ពូទីន ក៏បានលើកឡើងពីលទ្ធភាពដែលប្រទេសផ្សេងទៀតអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ហើយបានព្រមានថា ប្រសិនបើវាកើតឡើងមែន រុស្ស៉ីក៏នឹងធ្វើផងដែរ។ ទោះជាយ៉ាងនេះក្តី លោកនៅតែលើកឡើងថា ការបន្តសន្ធិសញ្ញា New START យ៉ាងហោចណាស់មួយឆ្នាំទៀត គឺជាគំនិតដ៏ល្អមួយ៕