គ្រោះរញ្ជួយដីកម្រិតធ្ងន់ពីរលើកវាយប្រហារហ្វីលីពីន, សម្លាប់មនុស្សយ៉ាងតិច៧នាក់ (Video inside)
10-10-2025 22:15
(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធំពីរលើកបានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ ខណៈអាជ្ញាធរបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទីភ្នាក់ងារភូគព្ភសាស្ត្រហ្វីលីពីន Phivolcs បានឱ្យដឹងថា គ្រោះរញ្ជួយដីទីមួយមានកម្រិត ៧.៤រ៉ិចទ័រ ខណៈគ្រោះរញ្ជួយដីទីពីរមានកម្រិត ៦.៨រ៉ិចទ័រ បានកើតឡើងក្នុងតំបន់ដដែល ៧ម៉ោងក្រោយមក។ អាជ្ញាធរបានចេញការព្រមានជាថ្មី អំពីរលកស៊ូណាមិដែលអាចមានកម្ពស់ជាងមួយម៉ែត្រ ហើយបានណែនាំយ៉ាងទទូចឱ្យប្រជាជនដែលរស់នៅតំបន់ឆ្នេរត្រូវជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ជាបន្ទាន់។
មន្ត្រីការពារស៊ីវិល លោក Ednar Dayanghirang បានបញ្ជាក់ថា មានអ្នកស្លាប់យ៉ាងហោចណាស់ ៧នាក់ ហើយមានសេចក្តីរាយការណ៍បឋមអំពីការខូចខាតផ្ទះសម្បែង អគារ និងស្ពាន។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីភ្លោះនេះ គឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារហ្វីលីពីនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសហ្វីលីពីនមានទីតាំងស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ហើយហេតុការណ៍នេះបានកើតឡើងតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានសម្លាប់មនុស្ស ៧៤នាក់ នៅកោះសេប៊ូ (Cebu)៕