អាស៊ាន នឹងពិភាក្សារឿងសង្កេតការណ៍បោះឆ្នោតនៅមីយ៉ាន់ម៉ា អំឡុងកិច្ចប្រជុំកំពូលខែនេះ (Video inside)

11-10-2025 11:36

(គូឡាឡាំពួ)៖ ក្រសួងការបរទេសម៉ាឡេស៉ី បានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអញ្ជើញសមាជិកអាស៊ានឱ្យបញ្ជូន​ក្រុមអ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតសកល ដែលគ្រោងចាប់ផ្តើមប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ហើយអាស៊ាននឹងពិភាក្សាគ្នា អំពីសំណើរបស់មីយ៉ាន់ម៉ា អំឡុងកិច្ចប្រជុំកំពូលនាចុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥។

ក្រសួងការបរទេសម៉ាឡេស៉ីបាននិយាយថា លិខិតអញ្ជើញឱ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ ត្រូវបានផ្ញើទៅកាន់បណ្តារដ្ឋជាសមាជិក​របស់អាស៊ានរួចអស់ហើយ។ ការប្រកាសដូចខាងលើ គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃសុក្រថា ម៉ាឡេស៉ីនឹងបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួម ពិនិត្យមើលដំណើការបោះឆ្នោត ដែលរបបសឹកមីយ៉ាន់ម៉ា គ្រោងរៀបចំឡើងជា​ដំណាក់កាល ចាប់ផ្តើមពីថ្ងៃទី២៨ ខែធ្នូ។ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បានជួបជាមួយ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​ នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមអង្គការឃ្លាំមើល និងប្រទេសលោកខាងលិចជាច្រើន យល់ថា ការបោះឆ្នោតនោះ គឺគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះ សម្រាប់ឱ្យយោធាអាចរក្សាការគ្រប់គ្រងអំណាចដោយស្របច្បាប់ តាមរយៈគណបក្សនយោបាយ ដែលដើរតួជាកូនអុករបស់ខ្លួន។ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំ​រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី ហើយបង្កឱ្យផ្ទុះចលនាបះបោរប្រដាប់អាវុធ ដែលបណ្តាលឱ្យទឹកដីមួយផ្នែកធំ​របស់ប្រទេស របូតចេញពីការគ្រប់គ្រងរបស់យោធា។

គួរបញ្ជាក់ថា មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ត្រូវបានហាមមិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ាន ចាប់តាំងតែពីឆ្នាំ២០២២មក ក្រោមហេតុផលថា បរាជ័យក្នុងការអនុវត្តផែនការសន្តិភាព ៥ចំណុច ដែលខ្លួនបានឯកភាព។ សម្រាប់ឆ្នាំ២០២៥នេះ គឺម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន៕