អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះថ្នាក់នៃថ្នាំស៉ីរ៉ូក្អក ៣ប្រភេទ ដែលត្រូវបានរកឃើញនៅឥណ្ឌា (Video inside)

14-10-2025 11:00

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីណែនាំអំពីថ្នាំស៉ីរ៉ូក្អក ៣ប្រភេទរបស់ប្រទេសឥណ្ឌា ដែលមានសារធាតុបណ្តាលឱ្យពុល ហើយជំរុញឱ្យអាជ្ញាធររាយការណ៍ប្រាប់ WHO ករណីរកឃើញថ្នាំស៉ីរ៉ូក្អកនោះនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ ២០២៥។

ថ្នាំស៉ីរ៉ូក្អកនោះមានម៉ាក Coldrif ផលិតដោយក្រុមហ៊ុន Sresan Pharmaceutical ម៉ាក Respifresh TR ផលិតដោយក្រុម Rednex Pharmaceuticals និងម៉ាក ReLife ផលិតដោយក្រុមហ៊ុន Shape Pharma។ WHO បានឱ្យដឹងថា ផលិតផលទាំងនោះមានសារធាតុបង្កហានិភ័យខ្លាំង បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិត។

តាមការជូនដំណឹងពីអាជ្ញាធរឥណ្ឌាដល់ WHO ថ្នាំស៉ីរ៉ូក្អកចំនួន ៣ប្រភេទត្រូវបានប្រើប្រាស់ដោយកុមារអាយុក្រោម ៥ឆ្នាំ ដែលទើបនឹងស្លាប់នៅទីក្រុងភាគកណ្តាល Chhindwara នៃរដ្ឋ Madhya Pradesh។ នៅក្នុងថ្នាំស៉ីរ៉ូក្អកមានផ្ទុកជាតិពុល diethylene glycol ក្នុងបរិមាណជិត ៥០០ដងនៃដែនកំណត់អនុញ្ញាត។ ក្នុងចំណោមនោះ ថ្នាំស៉ីរ៉ូក្អកមួយប្រភេទត្រូវបាននាំចេញពីឥណ្ឌា ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ថា ជាការនាំចេញខុសច្បាប់នោះទេ៕