សមាជិកសភាអ៉ីស្រាអែល ២រូប ត្រូវបានក្រៀកចេញពីសាលប្រជុំ ក្រោយនិយាយកាត់សម្ដីលោក ដូណាល់ ត្រាំកំពុងថ្លែងសុន្ទរកថា
14-10-2025 11:18
(តែលអាវីវ)៖ សមាជិកសភាអ៉ីស្រាអែល ២រូប ត្រូវបានគេក្រៀកចេញពីសាលប្រជុំរបស់សភា បន្ទាប់ពីអ្នកទាំង២ បានបង្កការរំខានដោយនិយាយកាត់សម្ដីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ ទី១៣ ខែតុលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Hill។
សមាជិកសភាអ៉ីស្រាអែលទាំង២រូបខាងលើ គឺលោក Ayman Odeh ជាពលរដ្ឋអ៉ីស្រាអែលដើមកំណើតអារ៉ាប់ និងលោក Ofer Cassif ជាអ្នកនយោបាយឆ្វេងនិយមជ្រុលម្នាក់។ លោក Odeh និងលោក Cassif បាននិយាយកាត់សម្ដីលោក ត្រាំ ហើយនៅពេលត្រូវបានគេក្រៀកចេញ លោក Odeh បានលើកក្រដាសមួយសន្លឹកដែលសរសេរថាឱ្យអ៉ីស្រាអែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
ចំណែក លោក Cassif ក្រោយត្រូវបានក្រៀកចេញដែរ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការទាមទារឱ្យយុត្តិធម៌ ហើយចោទប្រកាន់រដ្ឋាភិបាលអ៉ីស្រាអែលពីការធ្វើអាណានិគម និងរបប apartheid ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន៕