វ៉េណេស៊ុយអេឡា គ្រោងបិទស្ថានទូតប្រចាំន័រវែស និងអូស្រ្តាលី ហើយបើកស្ថានទូតថ្មីនៅបួគីណាហ្វាសូ និងស៉ីមបាវ៉េ (Video inside)
14-10-2025 11:53
(ការ៉ាកាស)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានប្រកាសថានឹងបិទស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសន័រវេស និងអូស្ត្រាលី ហើយបើកស្ថានទូតថ្មី នៅក្នុងប្រទេសបួគីណាហ្វាសូ និងស៉ីមបាវ៉េ ដែលជាការរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារបរទេសឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ ២០២៥។
រដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro បានឱ្យដឹងថា ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃរបៀបបែងចែកធនធានជាយុទ្ធសាស្ត្រ ដោយបន្ថែមថា សេវាកុងស៊ុលសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា នៅន័រវែស និងអូស្ត្រាលី នឹងត្រូវផ្តល់តាមរយៈបេសកកម្មការទូត។ ព័ត៌មានលម្អិត នឹងជូនដំណឹងនៅថ្ងៃខាងមុខ។
ទីក្រុងការ៉ាកាស ក៏បានឱ្យដឹងដែរថា ជំនួសមកវិញ វ៉េណេស៊ុយអេឡា នឹងបើកស្ថានទូតថ្មីនៅក្នុងប្រទេសចំនួនពីរ (បួគីណាហ្វាសូ និងស៉ីមបាវ៉េ) ដែលជាសម្ព័ន្ធមិត្តជាយុទ្ធសាស្រ្តរបស់ខ្លួន ប្រយុទ្ធប្រឆាំងអាណានិគម និងតស៊ូប្រឆាំងសម្ពាធអនុត្តរភាព។ ស្ថានទូតថ្មីទាំងពីរនេះ នឹងបម្រើដល់ដំណើរការគម្រោងរួមគ្នា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ថាមពល អប់រំ ការជីកយករ៉ែ ក៏ដូចជាផលប្រយោជន៍រួមផ្សេងទៀត។
គួរបញ្ជាក់ថា ការប្រកាសបិទស្ថានទូតវ៉េណេស៊ុយអេឡានៅន័រវែស បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគណៈកម្មាធិការណូបែលនៅទីក្រុងអូស្លូ ផ្តល់ពានរង្វាន់ណូបែលសន្តិភាព ២០២៥ ឱ្យទៅលោកស្រី Maria Corina Machado ដែលជាមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា។ ន័រវែស និងអូស្រ្តាលី សុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលកំពុងមានភាពតានតឹងជាមួយវ៉េណេស៊ុយអេឡា ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀននៅតំបន់ Carribean៕