ចិន​ ចាប់ផ្តើមយកថ្លៃសេវាចំណតកំពង់ផែ​ សម្រាប់នាវាអាមេរិក លើកលែងតែនាវាផលិតដោយចិន (Video inside)

14-10-2025 14:22

(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី១៤ ខែតុលា ចិន បានចាប់ផ្តើមជាផ្លូវការ ក្នុងការប្រមូលថ្លៃសេវាចំណតកំពង់ផែ ពីនាវាដែលមានម្ចាស់ ធ្វើប្រតិបត្តិការ ផលិតដោយ ឬដោតទង់ជាតិរបស់សហរដ្ឋអាមេរិក លើកលែងតែនាវាផលិតដោយចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព័ត៌មានលម្អិតដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV បានបញ្ជាក់ពីបទប្បញ្ញត្តិជាក់លាក់ ស្តីពីការលើកលែង រួមទាំងសម្រាប់នាវាផលិតដោយចិន ដែលគ្មានផ្ទុកឥវ៉ាន់សម្រាប់ការចូលមកជួសជុល និងនាវាផ្សេងទៀតត្រូវបានលើកលែងពីការបង់ថ្លៃ។ CCTV បាននិយាយថា ថ្លៃសេវាកំពង់ផែនឹងត្រូវប្រមូល នៅច្រកចូលដំបូងនៃការធ្វើដំណើរតែមួយ ឬសម្រាប់ការធ្វើដំណើរ ៥ដងដំបូងក្នុងឆ្នាំនេះ។ ការខកខានបង់ថ្លៃ នឹងនាំឱ្យជាប់គាំងនីតិវិធីនៃការនាំចូល និងនាំចេញសម្រាប់នាវាទាំងអស់។

គួរបញ្ជាក់ថា តាមការប្រកាសរបស់ក្រសួងដឹកជញ្ជូនចិន កាលពីសប្តាហ៍មុន ការសម្រេចយកថ្លៃចំណតកំពង់ផែនេះ កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក ចាត់វិធានការស្រដៀងគ្នាប្រឆាំងប៉េកាំង៕