លោក ត្រាំ បង្ហើបពីលទ្ធភាព ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់

14-10-2025 15:06

(វ៉ាស៉ីនតោន)៖ ក្នុងសុន្ទរកថាទៅកាន់សភាអ៉ីស្រាអែល កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ នៅពេលដែលទីក្រុងតេហេរ៉ង់ រួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ ២០២៥។

ដោយសំដៅទៅកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «យើងត្រៀមខ្លួនរួចរាល់ហើយ នៅពេលដែលអ្នកក៏រួចរាល់ ហើយវានឹងក្លាយជាការសម្រេចចិត្តល្អបំផុត ដែលអ៉ីរ៉ង់មិនធ្លាប់ធ្វើ។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគឺកំពុងបើកចំហ។ ខ្ញុំចង់ប្រាប់អ្នក (អ៉ីរ៉ង់) ថាបើចង់ធ្វើកិច្ចព្រមព្រៀង យើងអាចធ្វើបាន»

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៉ីនតោន បានបើកកិច្ចចរចានុយក្លេអ៊ែរចំនួន ៥ជុំ មុនសង្រ្គាម ១២ថ្ងៃ រវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលក្នុងខែមិថុនា ដែលទីក្រុងវ៉ាស៉ីនតោន បានជួយដល់ការវាយលុកទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់។ កិច្ចចរចារបានជួបឧបសគ្គធំៗ ដូចជាបញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ដែលមហាអំណាចលោកខាងលិចចង់ ទម្លាក់ឱ្យនៅកម្រិតសូន្យ ដើម្បីកាត់បន្ថយហានិភ័យនៃការផលិតបាននូវអាវុធប្រល័យលោក ដែលជារឿយៗ អ៉ីរ៉ង់តែងតែច្រានចោល៕