លោក ត្រាំ ថានឹងសម្រេចចិត្តអំពីដំណោះស្រាយរយៈពេលវែង សម្រាប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន ក្រោយកិច្ចព្រមព្រៀងសង្រ្គាមហ្កាហ្សា
14-10-2025 16:25
(វ៉ាស៉ីនតោន)៖ នាថ្ងៃអង្គារ ទី១៤ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចនូវអ្វីដែលរូបលោកយល់ថាត្រឹមត្រូវ ស្តីពីដំណោះស្រាយរយៈពេលវែង សម្រាប់ជម្លោះរាប់ទសវត្សរ៍រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃចន្ទ លោក ត្រាំ បានធ្វើដំណើរទស្សនកិច្ច១ថ្ងៃ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយបណ្តាមេដឹកនាំនៅក្នុងតំបន់ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយ ដែលមានគោលដៅពង្រឹងបទឈប់បាញ់នៅហ្កាហ្សា ក្រោយសង្រ្គាមរយៈពេល២ឆ្នាំ។
ពេលស្ថិតនៅលើយន្តហោះ Air Force One ក្នុងដំណើរត្រឡប់មកសហរដ្ឋអាមេរិក លោក ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធបញ្ហាជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីនដ៏យូរអង្វែង យ៉ាងដូច្នេះថា «មនុស្សភាគច្រើនគាំទ្រដំណោះស្រាយរដ្ឋមួយ ខណៈអ្នកខ្លះទៀតគាំទ្រដំណោះស្រាយរដ្ឋពីរ។ យើងនឹងត្រូវរង់ចាំមើល ថានឹងទៅជាយ៉ាងណា។ ខ្ញុំនឹងសម្រេចចិត្តនូវអ្វីដែលខ្ញុំគិតថាត្រឹមត្រូវ ប៉ុន្តែខ្ញុំនឹងធ្វើការសម្របសម្រួលទាក់ទងជាមួយរដ្ឋ ក៏ដូចជាប្រទេសដទៃទៀត»។
គួរបញ្ជាក់ថា ប្រមាណជា៣ភាគ៤ នៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន១៩៣ សុទ្ធតែទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលត្រូវបានប្រកាសអះអាងកាលពីឆ្នាំ១៩៨៨ ដោយថ្នាក់ដឹកនាំប៉ាឡេស្ទីននិរទេស។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ៉ីស្រាអែល បានរិះគន់ការសម្រេចចិត្តកាលពីខែមុន ដោយក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាចក្រភពអង់គ្លេស និងកាណាដា ដែលបាននាំគ្នាប្រកាសទទួលស្គាល់ប៉ាឡេស្ទីន ជាប្រទេស៕