ប្រធានាធិបតីម៉ាដាហ្គាស្ការប្រកាសរំលាយសភា ក្រោយភៀសខ្លួនចេញពីប្រទេស ចំពេលវិបត្តិកាន់តែធ្ងន់ធ្ងរ (Video inside)

14-10-2025 19:37

(ANTANANARIVO)៖ ប្រធានាធិបតីម៉ាដាហ្គាស្ការ លោក អង់ឌ្រី រ៉ាចូចេលីណា (Andry Rajoelina) បានប្រកាសនៅថ្ងៃអង្គារថា លោកបានរំលាយរដ្ឋសភាជាតិដែលជាចំណាត់ការធ្វើឱ្យវិបត្តិនយោបាយកាន់តែតានតឹង ក្រោយលោកត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីប្រទេស ដោយសារការតវ៉ាដឹកនាំដោយយុវជន និងការងាករេរបស់យោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយពីទីតាំងសម្ងាត់ លោក រ៉ាចូចេលីណា បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺ «ចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់» ឡើងវិញ និងត្រួសត្រាយផ្លូវសម្រាប់រៀបចំការបោះឆ្នោតថ្មី។ ទោះជាយ៉ាងណា មេដឹកនាំបក្សប្រឆាំងបានអះអាងថា ក្រឹត្យនេះគឺខុសច្បាប់ ព្រោះប្រធានរដ្ឋសភាជាតិមិនត្រូវបានពិគ្រោះយោបល់ឡើយ។

វិបត្តិនេះបានផ្ទុះឡើងក្រោយការតវ៉ាដែលចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែកញ្ញា ប្រឆាំងនឹងការខ្វះខាតទឹកភ្លើង ដែលក្រោយមកបានរីករាលដាលទៅជាការបះបោរប្រឆាំងនឹងអំពើពុករលួយ និងអភិបាលកិច្ចមិនល្អ។ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរ នៅពេលដែលអង្គភាពយោធាពិសេស ដែលធ្លាប់ជួយលោកឡើងកាន់អំណាច បានងាកមកគាំទ្រក្រុមបាតុករ។

គួរបញ្ជាក់ថា ប្រភពការទូត និងយោធាបានប្រាប់ Reuters ថា លោក រ៉ាចូចេលីណា បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ដោយជិះយន្តហោះយោធាបារាំងមួយគ្រឿង។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យរក្សារបៀបរៀបរយតាមរដ្ឋធម្មនុញ្ញ ហើយថាប្រទេសបារាំងយល់ពីការសោកសៅរបស់យុវជន ប៉ុន្តែពួកគេមិនគួរត្រូវបានកេងប្រវ័ញ្ចដោយបក្សពួកយោធាឡើយ៕