អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរនៅប្រទេសបង់ក្លាដែស សម្លាប់មនុស្សយ៉ាងតិច៩នាក់

14-10-2025 20:49

(ដាកា)៖ អគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង និងឃ្លាំងផ្ទុកសារធាតុគីមីមួយនៅជាប់គ្នានៅថ្ងៃអង្គារនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងរបួសម្នាក់ ខណៈមន្ត្រីបាននិយាយថា តួលេខអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាយកផ្នែកសេវាកម្មពន្លត់អគ្គិភ័យ លោក តាហ្ស៊ុល អ៉ីស្លាម ឆូវធូរី (Tajul Islam Chowdhury) បាននិយាយថា «សាកសពចំនួន៩ត្រូវបានរកឃើញពីជាន់ទីពីរ និងទីបីនៃរោងចក្រកាត់ដេ»។ លោកបានបន្ថែមថា មូលហេតុនៃអគ្គិភ័យនេះមិនទាន់ត្រូវបានដឹងភ្លាមៗនៅឡើយទេ។ អគ្គិភ័យបានចាប់ផ្តើមនៅជាន់ទី៣ នៃរោងចក្រកម្ពស់៧ជាន់ មុនពេលរាលដាលដល់ឃ្លាំងផ្ទុកសារធាតុគីមី។

លោក ឆូវធូរី បានបញ្ជាក់ថា ម្ចាស់រោងចក្រមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ ខណៈដែលឃ្លាំងផ្ទុកសារធាតុគីមីត្រូវបានគេសង្ស័យថាដំណើរការដោយខុសច្បាប់។

គួរបញ្ជាក់ថា ស្តង់ដាសុវត្ថិភាពអគ្គិភ័យ និងសំណង់ទ្រុឌទ្រោមតែងតែនាំឱ្យមានគ្រោះមហន្តរាយបែបនេះរាប់សិបករណីជារៀងរាល់ឆ្នាំនៅក្នុងប្រទេសបង់ក្លាដែស ហើយគ្រោះថ្នាក់កន្លងមកបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃវិស័យកាត់ដេដ៏រឹងមាំរបស់ប្រទេស ដែលមានកម្មករនិយោជិតចំនួន៤លាននាក់៕