យោធាម៉ាដាហ្គាស្ការប្រកាសដណ្ដើមអំណាចគ្រប់គ្រងប្រទេស ក្រោយប្រធានាធិបតីរត់ភៀសខ្លួន (Video inside)
14-10-2025 22:59
(ANTANANARIVO)៖ យោធាម៉ាដាហ្គាស្ការ នៅថ្ងៃអង្គារនេះ បានប្រកាសដណ្តើមអំណាចគ្រប់គ្រងប្រទេស បន្ទាប់ពីប្រធានាធិបតី លោក អង់ឌ្រី រ៉ាចូចេលីណា (Andry Rajoelina) បានភៀសខ្លួនចេញពីប្រទេស ចំពេលមានការប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករដែលដឹកនាំដោយយុវជន និងកងកម្លាំងសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
វរសេនីយ៍ឯក មីកែល រ៉ង់ឌ្រីយ៉ានីរីណា (Michael Randrianirina) ដែលបានដឹកនាំការបះបោររបស់ទាហាន បានប្រកាសតាមវិទ្យុជាតិថា «យើងបានដណ្តើមអំណាចហើយ»។ លោកបានបន្ថែមថា យោធានឹងរំលាយស្ថាប័នទាំងអស់ រួមទាំងរដ្ឋធម្មនុញ្ញក៏ត្រូវបានព្យួរផងដែរ លើកលែងតែរដ្ឋសភាជាតិប៉ុណ្ណោះ ដែលទើបតែបានបោះឆ្នោតទម្លាក់លោក រ៉ាចូចេលីណា ចេញពីតំណែងប៉ុន្មាននាទីមុននេះ។
វិបត្តិនេះបានផ្ទុះឡើងក្រោយការតវ៉ាដែលដឹកនាំដោយយុវជនអស់ជាច្រើនសប្តាហ៍ ប្រឆាំងនឹងអំពើពុករលួយ និងអភិបាលកិច្ចមិនល្អ ហើយស្ថានការណ៍បានឈានដល់ចំណុចកំពូល នៅពេលដែលអង្គភាពយោធាពិសេស បានងាករេមកគាំទ្រក្រុមបាតុករ។
គួរបញ្ជាក់ថា ថ្វីបើលោក រ៉ាចូចេលីណា បានភៀសខ្លួនចេញពីប្រទេសដោយយន្តហោះយោធាបារាំងកាលពីថ្ងៃអាទិត្យក៏ដោយ ក៏លោកនៅតែបដិសេធមិនព្រមចុះចេញពីតំណែង។ ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យរក្សារបៀបរៀបរយតាមរដ្ឋធម្មនុញ្ញឡើងវិញ៕