អ៉ីស្រាអែល កាត់បន្ថយចំនួនរថយន្តដឹកជំនួយចូលហ្កាហ្សា​ ដោយបន្ទោសហាម៉ាស ថាយឺតយាវក្នុងការបញ្ជូនសពចំណាប់ខ្មាំងត្រឡប់មកវិញ

15-10-2025 11:03

(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល នឹងអនុញ្ញាតឱ្យរថយន្តដឹកជំនួយ តែពាក់កណ្តាលប៉ុណ្ណោះនៃចំនួនសរុបចូលទៅក្នុងតំបន់ហ្កាហ្សា ដែលចាប់ផ្តើមពីថ្ងៃពុធ ទី១៥ ខែតុលានេះ ធ្វើឱ្យក្តី​សង្ឃឹមដែល​ថា​ស្បៀង​អាហារ​ និង​សម្ភារៈ​ផ្គត់ផ្គង់នានា អាចនឹង​ត្រូវ​បាន​បង្កើន​ដើម្បី​សម្រាល​គ្រោះ​ទុរភិក្ស​ បានថយចុះវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលិខិតមួយដែល Reuters ទទួលបាន និងទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (UN) អង្គភាពមួយនៃកងកម្លាំងអ៉ីស្រាអែល ដែលទទួលបន្ទុកលំហូរជំនួយមនុស្សធម៌សម្រាប់ហ្កាហ្សា ហៅកាត់ COGAT ក៏បានជូនដំណឹងដល់ UN ដែរថា គ្មានឥន្ធនៈ ឬឧស្ម័ន នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នេះទេ លើកលែងតែមានតម្រូវការជាក់លាក់ទាក់ទងនឹងរចនាសម្ព័ន្ធមនុស្សធម៌។

COGAT បានបន្ទោសក្រុមហាម៉ាសថាមានការយឺតយាវ ក្នុងការបញ្ជូនសាកសពចំណាប់ខ្មាំងត្រឡប់មកវិញ សម្រាប់ការកំណត់ឱ្យមានរថយន្តដឹកជំនួយតែ ៣០០គ្រឿងក្នុងមួយថ្ងៃ ដែលពីមុនគេរំពឹងថាអាចឱ្យចូលបាន ក្នុងមួយថ្ងៃ ៦០០គ្រឿង។ ហាម៉ាសនិយាយថា ការយកសាកសពចេញទីតាំង មានការលំបាក៕