រដ្ឋបាលលោក ត្រាំ ថាបុគ្គលិកជាង៤១០០នាក់ ត្រូវបានបញ្ឈប់ពីការងារ ចាប់តាំងពីមានវិបត្តិជាប់គាំងកញ្ចប់ថវិកា

15-10-2025 13:54

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ឈប់បុគ្គលិកសរុប៤១០៨នាក់ គិតចាប់តាំងពីថ្ងៃទី១ ខែតុលា ជាថ្ងៃដែលរដ្ឋាភិបាលអាមេរិកចាប់ផ្តើមការបិទទ្វារ ដោយសារតែវិបត្តិជាប់គាំងកញ្ចប់ថវិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យ៉ាងណាមិញ តួលេខនេះគឺជាចំនួនមួយចម្រៀកតូចប៉ុណ្ណោះ នៃបុគ្គលិកសរុបរបស់រដ្ឋាភិបាលអាមេរិក។ ទីភ្នាក់ងារនិងស្ថាប័នអាមេរិក មានបុគ្គលិករហូតដល់ទៅប្រមាណ២លាននាក់ កាលពីពេលចាប់ផ្តើមនៃអាណត្តិទី២របស់រដ្ឋបាលលោក ត្រាំ។ លោក ត្រាំ បានទម្លាក់កំហុសសម្រាប់ការជម្រុះបុគ្គលិករដ្ឋនេះ ទៅលើការបិទទ្វាររដ្ឋាភិបាល។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ត្រូវជួបវិបត្តិជាប់គាំងកញ្ចប់ថវិកាដូចខាងលើ ដោយសារតែលោក ត្រាំ និងក្រុមសមាជិកសភា មិនអាចឯកភាពគ្នាជុំវិញផែនការចំណាយ សម្រាប់ទីភ្នាក់ងារសហព័ន្ធ។ នាពេលនេះ លោក ត្រាំ កំពុងព្យាយាមដាក់សម្ពាធ​គណបក្សប្រជាធិបតេយ្យ ឱ្យទទួលយកផែនការចំណាយរបស់លោក តាមរយៈការបញ្ឈប់បុគ្គលិកសហព័ន្ធ និងកាត់ចោលកម្មវិធីនានា ដែលលោកយល់ថា ផ្តល់ប្រយោជន៍សម្រាប់បក្សប្រជាធិបតេយ្យ។ គិតចាប់តាំងពីឆ្នាំ១៩៨១មក សហរដ្ឋអាមេរិក ធ្លាប់មានវិបត្តិបិទរដ្ឋាភិបាល ឬជាប់គាំងកញ្ចប់ថវិកា សរុប១៥លើក ដែលប៉ះពាល់ដល់បុគ្គលិកសរុបរាប់សែននាក់៕