លោក ត្រាំ គំរាមចាត់វិធានការពន្ធប្រឆាំងអេស៉្បាញ ដោយសារមិនព្រមបង្កើនកញ្ចប់ថវិកាយោធា ស្របតាមគោលដៅ NATO (Video inside)

15-10-2025 16:01

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការផ្នែកពាណិជ្ជកម្ម រួមមានទាំងវិធានការពន្ធប្រឆាំងប្រទេសអេស៉្បាញ ដោយសារតែទីក្រុងម៉ាឌ្រីដ មិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយ ហើយលោកចាត់ទុកទង្វើនេះថា ជាការប្រមាថចំពោះអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំមិនសប្បាយចិត្តជាខ្លាំងជាមួយអេស៉្បាញ។ ពួកគេ​គឺជាប្រទេសតែមួយគត់ ដែលមិនបានបង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់៥ភាគរយ ហេតុនេះហើយ ខ្ញុំមិនសប្បាយចិត្ត​ជាមួយអេស៉្បាញឡើយ។ ខ្ញុំកំពុងគិតចង់ដាក់ពិន័យផ្នែកពាណិជ្ជកម្មលើពួកគេ តាមរយៈការដំឡើងពន្ធគយ ដោយសារតែអ្វីដែលពួកគេបានធ្វើ ហើយខ្ញុំគិតថា ខ្ញុំប្រហែលជានឹងធ្វើបែបនោះ»

គួរបញ្ជាក់ថា លោក ត្រាំ បានជំរុញជាខ្លាំងឱ្យសមាជិក NATO ទាំងអស់ ចំណាយថវិកាឱ្យច្រើនជាងមុន សម្រាប់ការការពារខ្លួនពួកគេ​ផ្ទាល់ ហើយបានបង្កឱ្យមានមន្ទិលសង្ស័យ ជុំវិញឆន្ទៈរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការមកជួយការពារសមាជិកទាំងឡាយណា ដែលមិនព្រមបង្កើនការចំណាយឱ្យគ្រប់គ្រាន់។ កាលពីសប្តាហ៍មុន លោក ត្រាំ ថែមទាំងបាននិយាយថា NATO គួរតែពិចារណា​បណ្តេញអេស៉្បាញចេញពីបក្សសម្ព័ន្ធយោធានេះតែម្តង ដោយសារតែរឿងមិនព្រមការបង្កើនការចំណាយ ឱ្យស្របតាមគោលដៅថ្មី​របស់ NATO។ អេស៉្បាញ គឺជាសមាជិកតែមួយគត់ ក្នុងចំណោមសមាជិកសរុប៣២ប្រទេស របស់ NATO ដែលមិនព្រមប្តេជ្ញា​បង្កើនថវិកាយោធាដល់ ៥ភាគរយនៃ GDP៕