រដ្ឋមន្ត្រីការពារជាតិអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើអាវុធអាមេរិកសម្រាប់ទីក្រុងកៀវ (Video inside)
15-10-2025 19:16
(ព្រុចសែល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត (Pete Hegseth) បានអំពាវនាវនៅថ្ងៃពុធ ឱ្យសម្ព័ន្ធមិត្ត NATO បង្កើនការចំណាយលើការទិញអាវុធរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ក្រោយមានរបាយការណ៍មួយដែលបានគូសបញ្ជាក់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងកៀវ ក្នុងខែកក្កដា និងសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងមុនកិច្ចប្រជុំជាមួយសមភាគី NATO លោក ហិចសេត បានជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការវិនិយោគក្នុងកម្មវិធី PURL (Prioritized Ukraine Requirements List) ដែលតម្រូវឱ្យសម្ព័ន្ធមិត្តត្រូវបង់ប្រាក់សម្រាប់អាវុធដែលអាមេរិកផ្តល់ឱ្យ។ លោកបានថ្លែងថា «ការរំពឹងទុករបស់យើងនៅថ្ងៃនេះ គឺថាប្រទេសកាន់តែច្រើននឹងបរិច្ចាគកាន់តែច្រើន ហើយពួកគេនឹងទិញកាន់តែច្រើន ដើម្បីផ្តល់ឱ្យអ៊ុយក្រែន»។
អគ្គលេខាធិការ NATO លោក ម៉ាក រូត (Mark Rutte) បាននិយាយថា លោករំពឹងថានឹងមានការសន្យាបន្ថែមទៀត ដោយកត់សម្គាល់ថា ទឹកប្រាក់ ២ពាន់លានដុល្លារត្រូវបានប្តេជ្ញាចិត្តរួចហើយ។ ទោះជាយ៉ាងណា ចំនួននេះគឺនៅតិចជាងគោលដៅ ៣.៥ពាន់លានដុល្លារដែលអ៊ុយក្រែនរំពឹងទុក។
គួរបញ្ជាក់ថា របាយការណ៍របស់វិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក បានបង្ហាញកាលពីថ្ងៃអង្គារថា ជំនួយយោធាដល់អ៊ុយក្រែនបានធ្លាក់ចុះ ៤៣% ក្នុងខែកក្កដា និងសីហា បើធៀបនឹងឆមាសទីមួយនៃឆ្នាំនេះ៕