មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ទទួលស្គាល់ថា ការបោះឆ្នោតនឹងមិនអាចធ្វើឡើងនៅទូទាំងប្រទេសបានទេ ខណៈសង្គ្រាមបន្តឆាបឆេះ (Video inside)

15-10-2025 19:44

(ណៃពិដោ)៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បានទទួលស្គាល់នៅថ្ងៃពុធថា រដ្ឋបាលដែលគាំទ្រដោយយោធា នឹងមិនអាចរៀបចំការបោះឆ្នោតសកលនាពេលខាងមុខនៅទូទាំងប្រទេសបានឡើយ ខណៈដែលសង្គ្រាមស៊ីវិលដែលបង្កឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ កំពុងបន្តឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសុន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋ លោក Min Aung Hlaing បាននិយាយថា «យើងមិនអាចរៀបចំការបោះឆ្នោតនៅគ្រប់ទីកន្លែង ១០០ភាគរយបានទេ»។ ការទទួលស្គាល់ជាសាធារណៈជាលើកដំបូងរបស់លោកនេះ ធ្វើឡើងស្របពេលដែលក្រុមអ្នករិះគន់ និងបស្ចិមជាតិជាច្រើនចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់យោធាមានភាពស្របច្បាប់។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ជំរឿន របបសឹកអាចធ្វើជំរឿនពេញលេញដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតបានតែនៅក្នុងក្រុងចំនួន ១៤៥ ក្នុងចំណោម ៣៣០ទូទាំងប្រទេសប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី របបសឹកបានអញ្ជើញបណ្តាប្រទេសអាស៊ានឱ្យបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែធ្នូខាងមុខនេះ៕