ប្រធានាធិបតីថ្មីស៊ីរី ធានាប្រាប់លោក ពូទីន លោកនឹងគោរពរាល់កិច្ចព្រមព្រៀងកន្លងមកជាមួយទីក្រុងម៉ូស្គូ (Video inside)

15-10-2025 20:53

(មូស្គូ)៖ ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធថា លោកនឹងគោរពរាល់កិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលជាការសន្យាមួយបង្ហាញថា មូលដ្ឋានយោធាសំខាន់ៗចំនួនពីររបស់រុស្ស៉ីនៅក្នុងប្រទេសស៊ីរីនឹងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅក្នុងកិច្ចពិភាក្សានៅវិមានក្រឹមឡាំង លោក al-Sharaa បានបញ្ជាក់ថា «យើងគោរពរាល់កិច្ចព្រមព្រៀងដែលបានធ្វើជាមួយរុស្ស៉ី។ យើងកំពុងធ្វើការដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៉ី»។ ជាការឆ្លើយតប លោក ពូទីន បានអបអរសាទរលោក al-Sharaa ចំពោះការរៀបចំការបោះឆ្នោតសភាដោយជោគជ័យ ហើយបានបញ្ជាក់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក al-Sharaa ទៅកាន់ប្រទេសរុស្ស៉ី បន្ទាប់ពីលោកបានផ្តួលរំលំអតីតប្រធានាធិបតី បាហ្សា អាល់-អាសាដ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៉ី។ កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងផ្តោតលើជោគវាសនានៃមូលដ្ឋានទ័ពអាកាស Hmeimim និងមូលដ្ឋានទ័ពជើងទឹក Tartous របស់រុស្ស៉ីនៅក្នុងប្រទេសស៊ីរី៕